(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីអំពាវនាវ ចំពោះប្រតិបត្តិករទេសចរណ៍ ដើម្បីសម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ដល់អនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីអំពាវនាវ ដែលបណ្ដាញព័ត៌មាន​ Fresh News ទទួលបាននៅថ្ងៃទី០៦ ខែតុលា​ ឆ្នាំ២០២៤។

ក្រសួងទេសចរណ៍ សូមជម្រាបជូនម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត មេត្តាជ្រាបថា នៅថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស។

អនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបន្លាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗដែលឆ្ងាយពីទីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡង។

អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ពិសេស អាជីវកម្មសេវាកម្មស្នាក់នៅ ទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល និងសម្រួល ថ្លៃសេវាកម្ម ឬកុំដំឡើងថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។

ក្រសួងទេសចរណ៍សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់នៅតាមរាជធានី-ខេត្ត នឹងចូលរួមអនុវត្តតាមសេចក្តីអំពាវនាវខាងលើ ប្រកបដោយស្មារតីយោគយល់និងទទួលខុសត្រូវខ្ពស់៕