(ភ្នំពេញ)៖ «ភោជនីយដ្ឋានចល័ត» ជាបទចម្រៀងមួយបទ ដែលបានគូសរំលេចពីរបៀបដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងឆ្មក់ចុះមូលដ្ឋាន ដើម្បីបានព័ត៌មានពិតជាក់ស្តែង។
«ភោជនីយដ្ឋានចល័ត» ជាស្នាដៃនិពន្ធដោយកវីមនោសញ្ចេតនាបង្ហូរមិនរីងស្ងួត សុខ ជំនោរ ក្រោមទឹកដមសំឡេងក្រអួនអ្នកចម្រៀងវ័យក្មេង ពេជ្រ សុភួង។ បទចម្រៀងគ្រប់ការផលិតដោយលោក គួច វែងស៊្រុន រដ្ឋលេខាធិការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារព័ត៌មាន និងបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី។
«ភោជនីយដ្ឋានចល័ត» សម្តៅដល់បាយប្រអប់រំដែលសម្តេចមហាបវរធិបតី តែងតែបរិភោគតាមរថយន្ត ក្នុងពេលឆ្មក់ចុះទៅតាមមូលដ្ឋាន។ បាយប្រអប់មិនមែនជាមធ្យោបាយដែលសម្តេចមហាបវរធិបតី ជ្រើសសម្រាប់បរិភោគក្នុងពេលធ្វើជានាយករដ្ឋមន្ត្រីនោះទេ ក្នុងពេលកាន់ងារជាកងទ័ពសម្តេចមហាបវរធិបតី តែងតែបរិភោគផងដែរ ពេលចុះទៅបំពេញការងារតាមបណ្តាខេត្ត។
សូមបញ្ជាក់ថា ក្នុងឋានៈជានាយករដ្ឋមន្ត្រីដែលផ្តល់តម្លៃលើព័ត៌មានពិតជាក់ស្តែង មិនស្តាប់ត្រឹមរបាយការណ៍នោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងបានឆ្មក់ចុះទៅតាមមូលដ្ឋានដោយមិនឱ្យមានមន្ត្រីមូលដ្ឋានដឹងមុន ហើយក៏គ្មានការហែហមច្រើននោះដែរ។
ចុះពិនិត្យស្ថានភាពពលរដ្ឋ និងការងារដឹកនាំនៅតាមមូលដ្ឋានដោយស្ងាត់ៗរបស់សម្តេចមហាបវរធិបតី ជារបៀបការងារមួយនាំឱ្យមានការកត់សម្គាល់ និងពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ ហើយអាជ្ញាធរមូលដ្ឋាន ក៏រឹតតែយកចិត្តទុកដាក់លើការងារបម្រើប្រជាពលរដ្ឋផងដែរ ព្រោះថាសម្តេចមហាបវរធិបតី ដ្បិតតែញញឹមស្រស់ តែមិនប្រណីចំពោះអ្នកអសកម្មក្នុងការងានោះឡើយ៕