(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថាសហគមន៍កសិកម្មទំនើប មិនគ្រាន់តែអាចទិញធាតុចូល ក្នុងតម្លៃទាបជាងការទិញរៀងៗខ្លួននោះទេ តែក៏មិនចាំបាច់ចំណាយដើមទុនផ្ទាល់ខ្លួនក្នុងការដាំដុះដែរ។
បើតាម លោក ឃឹម ហ្វីណង់, សហគមន៍ស្វាយចន្ទីពីរទៀត គឺសហគមន៍កសិកម្មទំនើប«ប្រាសាទសំបូររុងរឿង» និងសហគមន៍កសិកម្មទំនើប «កំពង់ធំសាលាវិស័យ» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដំណាលគ្នាជាមួយសហគមន៍កសិកម្មទំនើប«ទំរីងកំពង់ធំ» កាលពីម្សិលមិញនេះ។
លោក បានបន្តថា ជាមួយនឹងផ្ទៃដីផលិតកម្មសរុបជាង១ពាន់ហិកតា សហគមន៍ទាំង៣នេះអាចមានសមត្ថភាពបញ្ជាទិញជីរួមគ្នា ទាំងជីសរីរាង្គនិងជីគីមី ក្នុងទំហំប្រហែល៣៥០តោនក្នុងពេលតែមួយ។
លោក បានគូសបញ្ជាក់ថា នេះជាមូលហេតុចម្បងធ្វើឱ្យសហគមន៍ទាំងនេះអាចសន្សំសំចៃលើការចំណាយថ្លៃជីសរុប ក្នុងចន្លោះពី១០០លានរៀល រហូតដល់១៥០លានរៀល ប្រសិនបើធៀបទៅនឹងការចំណាយលើថ្លៃជីរបស់កសិករម្នាក់ៗបូកបញ្ចូលគ្នា មុនពេលចូលរួមជាសមាជិកនៃសហគមន៍កសិកម្មទំនើប ព្រោះអ្នកខ្លះធ្លាប់តែទិញរាយម្តងបន្តិចៗ ឬទិញជំពាក់រហូតដល់ពេលប្រមូលផលទើបទូទាត់សង។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បានគូសរំលេចថា «អ្វីដែលរឹតតែប្រសើរជាងនេះទៅទៀតនោះគឺ សមាជិកម្នាក់ៗមិនគ្រាន់តែអាចទិញធាតុចូល ក្នុងតម្លៃទាបជាងការទិញរៀងៗខ្លួននោះទេ តែពួកគាត់ក៏មិនចាំបាច់ចំណាយដើមទុនផ្ទាល់ខ្លួនក្នុងការដាំដុះដែរ ក្រោយពេលចូលរួមនៅក្នុងសហគមន៍កសិកម្មទំនើប»៕