(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីពិធីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្ត និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ នៅសាលមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានលើកឡើងថា កិច្ចការស្នូលរបស់គណបក្សប្រជាជន គឺការអំពើល្អ ដោយបានបញ្ជាក់ថា «បេសកកម្មពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា គឺការអនុវត្តកម្មវិធីនយោបាយ ការបម្រើប្រជាជន និងការដោះស្រាយបញ្ហារបស់ប្រជាជនឲ្យអស់ពីលទ្ធភាព»។
ជាក់ស្តែង ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ក្រុមការងារគណបក្សបានរៀបចំជំនួយស្មារតីឆ្នាំ២០២៧-២០២៨ ដើម្បីសហការជាមួយក្រុមគ្រូពេទ្យ មន្រ្តីអប់រំ លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី និងប្រជាពលរដ្ឋដើម្បីស្វែងយល់នូវតម្រូវការជាក់លាក់របស់ប្រជាជន និងជីវភាពរបស់ពួកគាត់។
ផ្សាភ្ជាប់នឹងការលើកឡើងខាងលើ លោក ហ៊ុន ម៉ានី បានបន្តថា គណបក្សប្រជាជនកម្ពុជា មានគោលជំហរផ្តល់ប្រយោជន៍ ប្រជាពលរដ្ឋជាធំ ហើយតែងតែនៅជិតកៀកនឹងប្រជាពលរដ្ឋនៅពេលដែលត្រូវការ។
លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជាមិនល្អឥតខ្ចោះទេ ប៉ុន្តែមកដល់ពេលនេះ គណបក្សប្រជាជននៅតែនៅជាមួយប្រជាជនកម្ពុជា។ ជាមួយគ្នានោះ លោកក៏បានណែនាំ ដល់សមាជិក សមាជិកា ឲ្យបន្តថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្ស ដោយលោកបានសង្កត់ធ្ងន់ថា «សាមគ្គីដែលឆ្លងកាត់នូវការសាកល្បង គឺជាសាមគ្គីដែលរឹងមាំ» និងជាមូលដ្ឋានក្នុងការសម្រេចសមិទ្ធផលបន្តបន្ទាប់របស់គណបក្សផងដែរ៕