(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាកាសចរណ៍កម្ពុជា បានបញ្ជាក់ពីចំនួនអ្នកដំណើរជាតិ និងអន្តរជាតិ តាមផ្លួវអាកាសយ៉ាងច្រើនចូលមកកម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ដែលមានរហូតជិតមួយម៉ឺននាក់។
លោក ស៉ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News ថា នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ អ្នកដំណើរចូលកម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួន ៩ ៦០២នាក់ និងមានរហូតដល់ ៨១សញ្ជាតិ ដែលជាចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហាក់មានភាពមមាញឹកខ្លាំង ជាពិសេសនៅចន្លោះពីម៉ោង៤ទៅ៥ល្ងាច ដោយមានជើងហោះហើរមួយចំនួនបានមកពីប្រទេសអេមីរ៉ាត និងកាតាជាដើម។
លោកបានឱ្យដឹងផងដែរថា អ្នកដំណើរដែលចូលមកកម្ពុជានាំមុខគេ មានចំនួន ៥ប្រទេស មានចិន ៣ ១៥៥នាក់, ខ្មែរ ២ ៨៦១នាក់, តៃវ៉ាន់ ៣៣៤នាក់, ម៉ាឡេស៊ី ៣១៣នាក់, កូរ៉េខាងត្បូង ២៨៦នាក់ និងថៃ ២៤២នាក់។
លោកបានបញ្ជាក់ថា ចំនួនអ្នកដំណើរផ្លូវអាកាស មកដល់ព្រលានយន្តហោះច្រើនបែបនេះ ដោយសារប្រជាពលរដ្ឋខ្មែរមួយចំនួនត្រឡប់ពីដើរកម្សាន្តវិញ ខណៈភ្ញៀវបរទេសមួយចំនួន ដែលបំពេញការងារនៅកម្ពុជា និងបានទៅលេងស្រុកកំណើតរបស់ពួកគេបានវិលមកបំពេញការងារវិញ បន្ទាប់ពីថ្ងៃសម្រាក។ ជាមួយគ្នានេះ ភ្ញៀវទេសចរអន្តរជាតិ ក៏បានមកដើរកម្សាន្តនៅកម្ពុជាផងដែរ។
លោកបន្តថា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការគាំទ្រដល់ឧស្សាហកម្មទេសចរណ៍ និងអាកាសចរណ៍ជាច្រើន សម្រាប់សំរួលដល់ការធ្វើដំណើរតាមផ្លូវអាកាស៕