(កំពង់ស្ពឺ)៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ទទួលបានរថយន្ដមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ចំនួន១៤,៣៦៩គ្រឿង និងការចុះបញ្ជីរថយន្ដថ្មី ចំនួន៣២១គ្រឿង។ នេះបើតាមការឲ្យដឹងពី លោក ស៊ូ សុន្ទរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ លោកប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មួយរយៈនេះមានម្ចាស់យានយន្តជាច្រើន បាននាំគ្នាយករថយន្តមកធ្វើឆៀក ឬហៅថាត្រួតពិនិត្យបច្ចេកទេស នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដែលរថយន្តតូចតម្រូវឲ្យយកឆៀក២ឆ្នាំម្តង រីឯរថយន្តធំតម្រូវឲ្យយកមកឆៀក១ឆ្នាំម្តង។
លោកបានអះអាងថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសទាំងនេះរក្សាបាននៅបច្ចេកទេសប្រព័ន្ធហ្វាំង ប្រព័ន្ធភ្លើង កង់ ម៉ាស៊ីន កញ្ចក់ ផ្នែកគ្រឿងក្រោមរបស់រថយន្ត។ ជារៀងរាល់ខែមន្ទីរ បានទទួលរថយន្តមកឆៀកប្រមាណពី៦០-១០០គ្រឿង ក្នុងមួយថ្ងៃនេះគិតទាំងអ្នកខេត្តផ្សេង ក៏បានមកឆៀកនៅមន្ទីរសាធារណៈការខេត្តកំពង់ស្ពឺនេះផងដែរ។
ដោយឡែក សម្រាប់ការចុះបញ្ជីយានយន្ដវិញ រយៈពេល៩ខែ ឆ្នាំ២០២៤នេះ ខេត្តកំពង់ស្ពឺ ទទួលបានយានយន្ដចំនួន១២,៩០០គ្រឿង។
ចំពោះវិធានច្បាប់ និងការអប់រំ មន្ទីរសាធារណៈការ បានអប់រំដោយផ្ទាល់នៅកន្លែងឆៀក អំពីលក្ខណៈបច្ចេកទេស ក៏ដូចជាគ្រោះថ្នាក់ផ្សេងៗ មកពីកត្តាយានយន្ត។ បន្ថែមលើនេះមន្ទីរបានចាត់មន្ត្រីជំនាញធ្វើការអប់រំតាមសាលារៀន និងតាមដងផ្លូវសាធារណៈផ្ទាល់ជាប្រចាំ៕