(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ «ឃ» ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមរយៈការចូលរួមដោយផ្ទាល់ និងផ្សេងទៀតសមាជិកសមាជិកាអង្គរ ប្រជុំបានចូលរួមតាមប្រព័ន្ធអនឡាញហ្ស៊ីម (ZOOM) ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារ «ឃ» តំណាងផ្នែករដ្ឋាភិបាល និងវត្តមានលោក អានូដ ដាក សហប្រធានក្រុមការងារ «ឃ» តំណាងផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ក្រសួងរ៉ែ និងថាមពល និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនឹងក្រុមការងារ និងសមាជិក សមាជិកានៃក្រុមកាងារផ្នែក ឯកជនពីតំណាងក្រុមហ៊ុន សមាគមធុរកិច្ចជាតិ និងអន្តរជាតិជាច្រើន ដែលបានចូលរួមពីចម្ងាយតាមរយៈហ្សូម (ZOOM)។
គោលបំណងនៃកិច្ចប្រជុំនេះ គឺពិនត្យពិភាក្សាលើបញ្ហាប្រឈម និងធាតុចូលពីវិស័យឯកជន រួមមានប្រធានបទនៃការពិភាក្សា៖ ១. បញ្ហាបន្ទាន់សម្រាប់ធ្វើការអន្តរាគមន៍ជូនរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៅកម្ពុជា, ២. ពន្ធលើការនាំចេញលើការប្រមូលពន្ធទង់ដែង (២៥% លើតម្លៃលក់បូកនឹងថ្លៃដឹកជញ្ជូន) ធ្វើឱ្យការជីកយករ៉ែទង់ដែងមិនរកប្រាក់ចំណេញ, ៣. ការប្រាក់លើសកំណត់គិត លើការវាយតម្លៃឡើងវិញ, ៤. ការអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំមុន៕