(តាកែវ)៖ នៅក្នុងជំនួបជាមួយប្រតិភូក្រុមហ៊ុនកូរ៉េនៅសាលាខេត្តតាកែវ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងបង្កើតរោងចក្រកែច្នៃសំរាម ដែលបានលើកឡើង និងស្នើសុំការគាំទ្រ និងជួយសម្របសម្រួលពីអាជ្ញាធខេត្តពីសំណាក់ក្រុមហ៊ុន។
អភិបាលខេត្តតាកែវ បានថ្លែងបន្តថា ខេត្តតាកែវពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលការរីកចម្រើននេះនាំឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សម្ភារទំនើបៗ ជាពិសេស ការប្រើប្រាស់របស់របរ ប្រចាំថ្ងៃបានងាកមកពីការប្រើប្រាស់ការវេចខ្ចប់ដោយស្លឹកចេក ឬស្លឹកឈូកមកជាការប្រើប្រាស់ថង់ប្លាស្ទិចជំនួសវិញ ដែលថង់ប្លាស្ទិកនេះផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ដូច្នេះការមកបង្កើតក្រុមហ៊ុនកែច្នៃសំរាម ជាពិសេសការកែច្នៃថង់ប្លាស្ទិចនៅក្នុងខេត្តតាកែវដែលមួយថ្ងៃៗ មានសំរាមប្រមាណ ១០០តោន វានឹងផ្ដល់ផលប្រយោជន៍ និងជួយដល់បរិស្ថានជាច្រើននៅក្នុងខេត្ត។
លោកអភិបាលខេត្តតាកែវ បានថ្លៃងបន្តថា «ការបង្កើតរោងចក្រកែច្នៃសំរាមក្រៅតែពីបានជួយដល់បរិស្ថាន វាក៍នឹងជួយបង្កើតការងារកាន់តែច្រើនថែមទៀតដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត កាត់បន្ថយការធ្វើចំណាកស្រុក និងលើកស្ទួយសេដ្ឋកិច្ច គ្រូសាររបស់បងប្អូនប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើង ដូច្នោះអាជ្ញាធខេត្តនឹងជួយសម្របសម្រួលនិតិវិធីគ្រប់បែបយ៉ាង ដល់អ្នកវិនិយោគទុនដែលចូលមកវិនិយោគបង្កើតរោងចក្រកែច្នៃសំរាម ដោយស្របច្បាប់នៅក្នុងខេត្តតាកែវ»។
គួរបញ្ជាក់ថា បើយោងតាមក្រុមហ៊ុនកូរ៉េ ដែលមានបំណងចង់មកវិនិយោគបង្កើតរោងចក្រកែច្នៃសំរាមក្នុងខេត្តតាកែវ ក្រុមហ៊ុនមានបទពិសោធន៍នៅក្នុងប្រទេសកូរ៉េជាង២០ឆ្នាំ និងបានចូលមកវិនិយោគលើការច្នៃសំរាមនៅក្នុង ប្រទេសកម្ពុជា អស់រយៈពេល១០ ឆ្នាំមកហើយលើការកែច្នៃសំរាម ជាពិសេសកែច្នៃថង់ប្លាសស្ទេចឲ្យទៅជាប្រេង និងរបស់របប្រើប្រាស់ ដោយក្នុងនោះក្រុមហ៊ុនមានម៉ាស៊ីន និងបច្ចេកវិទ្យាថ្មីៗដែលអាចកែច្នៃសំរាមបានគ្រប់ប្រភេទ៕