(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយដល់បងប្អូនប្រជាកសិករ ឱ្យផ្អាកការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង លើកទី២ ឬលើកទី៣ នៅតាមតាំងនីមួយៗដែលប្រឈមខ្លាំង និងត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាចស្តុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើមព្រោះថា តាមការព្យាការណ៍អាកាសធាតុ នៅអំឡុងខែវិច្ឆិកាតទៅ កម្តៅអាចឡើងខ្ពស់ចន្លោះពី៤៥ ទៅ៤៦អង្សារសេ ដែលប្រឈមខ្វះខាតទឹកជាចាំបាច់។
លោកអភិបាលខេត្ត បានណែនាំបែបនេះ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព ការងារបង្កបង្កើនផលស្រូវចុងរដូវវស្សា និងចែកជីសរីរាង្គ«ព្រៃស្នួល» សម្រាប់តេស្តសាកល្បង ជូនដល់ប្រជាកសិករ ក្នុងភូមិអូរព្រាល និងភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន និងភូមិស្តុកកុម្ភ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
លោក ខូយ រីដា បានជម្រាបជូនថា ផ្អែកតាមការចុះពិនិត្យជាក់ស្តែង នៅទីតាំងនីមួយៗ យើងឃើញថា ប្រជាកសិករបាននឹងកំពុងប្រមូលផលស្រូវ និងខ្លះក៏កំពុងបង្កបង្កើនផលស្រូវ ជាលើកទី២រួចរាល់ហើយដែរ។ ត្រង់ចំណុចនេះ លោកសូមអំពាវនាវ ដល់បងប្អូនប្រជាកសិករ សូមផ្អាកការងារបង្កបង្កើនផលស្រូវថ្មី ជាលើកទី២ ឬទី៣បន្ថែមទៀត ព្រោះថានៅដើមរដូវប្រាំងខាងមុខ អាចនឹងប្រឈមខ្វះខាតទឹកជាចាំបាច់។
លោកបានគូសបញ្ជាក់ថា សម្រាប់បងប្អូនប្រជាកសិករ ដែលបង្ខំចិត្តបង្កបង្កើនផលស្រូវ ជាលើកទី២ ឬទី៣ ត្រូវទទួលខុសត្រូវលើការខ្វះខាតទឹកស្រោចស្រពដោយខ្លួនឯង។ ជាមួយគ្នានោះ បងប្អូនប្រជាកសិករ ក៏ត្រូវសន្សំសម្ចៃទឹកទុក ដោយស្តុកទុកក្នុងស្រះ អណ្តូង ប្រឡាយ តាមដែលអាចធ្វើទៅបាន ដើម្បីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងប្រើប្រាស់លើជីវិតមនុស្សសត្វ ព្រោះក្នុងអំឡុងដើមរដូវប្រាំងខាងមុខ ពោលគឺចាប់ពីខែវិច្ឆិកាតទៅ តាមការព្យាករណ៍អាកាសធាតុ កម្តៅអាចនឹងឡើងខ្ពស់ដល់៤៥ ទៅ៤៦អង្សារសេ។
យោងតាមផែនការសក្តានុពលទឹកសម្រាប់ស្រោចស្រព លើការងារបង្កបង្កើនផលស្រូវរដូវប្រាំង របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករ ក្នុងឆ្នាំ២០២៤នេះ គឺបានត្រឹមតែ២ម៉ឺនហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្ដែង និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់ប្រជាកសិករ គឺបានកើនលើសពីផែនការប្រើប្រាស់ទឹកឯណោះ។ កត្តានេះ លោកសូមណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយដល់ប្រជាកសិករ ដែលកំពុងចាប់ផ្តើមបង្កបង្កើនផលស្រូវជាលើកទី២ ឬលើកទី៣ ត្រូវផ្អាក និងត្រៀមស្តុកទឹកសម្រាប់ប្រើប្រាស់ ទប់ទល់នឹងកង្វះខាតទឹក នាពេលខាងមុខ។
ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានចែកជីសរីរាង្គ«ព្រៃស្នួល» ជូនដល់បងប្អូនប្រជាកសិករ សម្រាប់តេស្តសាកល្បងពីគុណភាព ដែលបានមកពីការឧបត្ថម្ភ របស់លោក សយ សុភាព អគ្គនាយកអង្គភាពព័ត៌មានដើមអំពិលផងដែរ។
គួរជម្រាបជូនថា គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ល្បឿននៃការងារបង្កបង្កើនផលស្រូវចុងរដូវវស្សា ទូទាំងខេត្តពោធិ៍សាត់ សម្រេចការងារភ្ជួររាស់បាន ១៤៣,១៧៦ហិកតា, អនុវត្តដាំដុះបាន ១៤៣,១៧៩ហិកតា ស្មើនឹង ១១៤,៣២% នៃផែនការប្រចាំឆ្នាំសរុប ១២៥,២៤០ហិកតា ក្នុងនោះខូចខាត ៤៤៥ហិកតា។ បើប្រៀបធៀបឆ្នាំ២០២៣ ទូទាំងខេត្ត សម្រេចការងារភ្ជួររាស់បាន ១៤៥,៧៨២ហិកតា, អនុវត្តដាំដុះបាន ១៤៥,៧០២ហិកតា ស្មើនឹង ១២៦,៧០% នៃផែនការប្រចាំឆ្នាំសរុប ១១៥,០០០ហិកតា៕