(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានចូលរួមក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យតេជោ សែន កោះកុង និងបានផ្តាំផ្ញើដល់បេក្ខជនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ត្រូវតាំងស្មារតីឲ្យល្អកុំភិតភ័យ។
លោកស្រីបានបន្តថា សម្រាប់ដំណើរការនៃការប្រឡងថ្ងៃទី១នេះ គឺដំណើរការប្រឡងបានពិនិត្យភាពបិទជិតដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌តម្លាភាព និងលទ្ធផលទទួលយកបានត្រឹមត្រូវ។
លោកស្រីបានបន្តទៀតថា ចំពោះបេក្ខជន-បេក្ខនារីទាំងអស់ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសា មុននឹងសសេរសំណេរត្រូវគិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ ចេះជាប់។
លោកស្រីបញ្ជាក់ថាក្មួយៗប្អូនៗត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដែលយើងបានសិក្សា អស់រយៈពេល១២ឆ្នាំទើប មានថ្ងៃនេះតែ១គត់ដើម្បីបន្តស្វែងរកនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពចម្បងក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១។
លោកស្រីក៍បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់មេត្តាបំពេញភារកិច្ច របស់ខ្លួន ក្នុងពេលប្រឡងរយៈពេល០២ថ្ងៃនេះប្រកបដោយភាពជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) បើបេក្ខជនណាទទួលបាននិទ្ទេសល្អ លោកស្រីមានរង្វាន់លើកទឹកបន្ថែមទៀត។
សូមបញ្ជាក់ថា មណ្ឌលប្រឡងមានចំនួន៣៖
១-មណ្ឌល វិ.ច.ប តេជោសែនកោះកុងមានបន្ទប់ចំនួន ១៩ បេក្ខជនប្រឡងសរុប៤៥៨នាក់ ស្រី២៥១នាក់
២- មណ្ឌល អនុវិទ្យាល័យស្មាច់មានជ័យ
បេក្ខជនសរុប ៣៥០នាក់ ស្រី១៨១នាក់
៣-មណ្ឌលបឋមសិក្សាទីរួមខេត្ត មានបន្ទប់ចំនួន១៤ ចំនួនបេក្ខជន៣៣៣នាក់ ស្រី១៨៤នាក់។ ចំនួនបេក្ខជនសរុបទាំង៣មណ្ឌល ប្រុស១១៤១ ស្រី៦១៦៕