(ភ្នំពេញ)៖ គ្រាកំពុងអង្គុយរង់ចាំកូនៗ ដែលបានចូលទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ ឪពុកម្ដាយ របស់បេក្ខជនម្នាក់ៗ សុទ្ធតែបានបង្ហាញនូវក្ដីរំពឹងខ្ពស់ថា កូនៗរបស់ពួកគាត់នឹងទទួលបានជោគជ័យក្នុងការប្រឡងដ៏សំខាន់មួយនេះ។
ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News ឪពុកម្ដាយរបស់បេក្ខជន បានគូសបញ្ជាក់ដូចៗគ្នាថា កូនៗរបស់ពួកគាត់ពិតជាបានខិតខំប្រឹងប្រែងក្នុងការរៀនសូត្រខ្លាំងណាស់ ពិសេសនៅពេលការប្រឡងកាន់តែខិតជិតចូលមកដល់នេះ ដូច្នេះពួកគាត់រំពឹងថា នឹងទទួលបានជោគជ័យ។
បន្ថែមពីនេះ ឪពុកម្ដាយ អ្នកអាណាព្យាបាលទាំងអស់នោះ ក៏បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ដំណើរការប្រឡងនេះ។ ពួកគាត់យល់ថា តាមរយៈការធ្វើកំណែទម្រង់នេះ កម្ពុជានឹងទទួលបានធនធានមនុស្សយ៉ាងពិតប្រាកដនៅថ្ងៃអនាគត ម្យ៉ាងតាមរយៈការធ្វើកំណែទម្រង់នេះ នឹងជំរុញឲ្យសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រផងដែរ។
បើទោះបីជឿជាក់លើសមត្ថភាពរបស់កូនៗយ៉ាងណាក្ដី ឪពុកម្ដាយបេក្ខជនម្នាក់ៗ នៅតែព្រួយបារម្ភផងដែរចំពោះការប្រឡងមួយនេះ ដោយខ្លាចក្រែងមានការភ្លាំងភ្លាត់ណាមួយ កើតឡើងដោយចៃដន្យ។ ពួកគាត់ក៏បានផ្ញើសារជូនពរ ទៅកាន់កូនៗ និងបេក្ខជនប្រឡងដទៃទៀត សូមឲ្យទទួលបានជោគជ័យ សម្រាប់ការប្រឡងដ៏សំខាន់មួយនេះ ក្រោយសិក្សាអស់រយៈពេលជាង១២ឆ្នាំកន្លងមក។
សូមទស្សនាការលើកឡើងរបស់ឪពុកម្ដាយរបស់បេក្ខជនប្រឡង៖