(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ អំពីវឌ្ឍនភាពការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ដែលស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ពិធីនេះបានការចូលរួម ពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត, លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន រដ្ឋបាលស្រុក ក្រុង និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។
លោក ខូយ រីដា បានជម្រាបជូនថា ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ជាតំបន់ខ្ពង់រាប មានសណ្ឋានដីទួលជំរេលមិនលេចទឹកនារដូវវស្សា ដីមានជីជាតិល្អដល់ដំណាំ ដូចជាដំឡូងមី ស្វាយ ស្វាយចន្ទី ក្រូច ដូង ឈើហូបផ្លែគ្រប់ប្រភេទ និងដំណាំយុទ្ធសាស្ត្រផ្សេងៗទៀត។ អតីតយុទ្ធជន មានចំនួន៦២៨គ្រួសារ ក្នុងនោះប្រមាណ៥០០គ្រួសារ បានមករស់នៅជាអចិន្ត្រៃយ៍ ក្រៅពីនោះចេញទៅប្រកបរបរនៅខាងក្រៅ និងមានជំងឺប្រចាំកាយត្រូវព្យាបាល។ អំពីវិស័យកសិកម្ម បានដាំដំណាំយុទ្ធសាស្រ្ត ចំនួន១៦,៤៤១ដើម ស្រូវ៣៥ឡូតិ៍ ដូងក្រអូប៤១ឡូតិ៍ ដំឡូងមី១៧៥ឡូតិ៍ និងចិញ្ចឹមសត្វគ្រប់ប្រភេទ ចំនួន១៣,៩៩៣ក្បាល។ ក្រៅពីនោះមានអណ្តូងទឹក ចំនួន២៦០កន្លែង មានប្រព័ន្ធភ្លើងតាមបង្គោល និងចូលទៅដល់លំនៅឋានគ្រប់ខ្នងផ្ទះ។
លោកបានបន្តថា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ក៏មានអាគារសិក្សា ទីចាត់ការ មានគ្រូចំនួន៩នាក់ សិស្ស១៦១នាក់និងមាន៩ថ្នាក់។ មណ្ឌលសុខភាព មានអាគារសម្រាប់ព្យាបាល អាគាសម្ភព អាគាស្នាក់នៅ ដោយមានគ្រូពេទ្យ ចំនួន៩នាក់ ព្យាបាលអ្នកជំងឺបាន២៥៦នាក់ ក្នុងនោះជាសះស្បើយ២៥០នាក់ ក្រៅពីនោះបញ្ជូនមន្ទីរពេទ្យខេត្ត។ ក្នុងចំណោមអតីតយុទ្ធជន៦២៨គ្រួសារ បានដាក់ពាក្យតប្រព័ន្ធទឹកស្អាត បានចំនួន១៥២គ្រួសារ និងកំពុងបន្តដាក់ពាក្យបន្ថែម។ ស្ថាបនាផ្លូវ បានចំនួន១៤ខ្សែ ប្រវែង៥៩គីឡូម៉ែត្រ និងមានទីវត្តអារាម សម្រាប់ធ្វើបុណ្យទានតាមប្រពៃណី។ បន្ទាប់ពីធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន នាពេលថ្មីៗនេះ ជាលទ្ធផលក្នុងចំណោម៦២៨គ្រួសារ អវត្តមាន៥១គ្រួសារ និង១៦គ្រួសារទៀត ធ្លាប់បានធ្វើកិច្ចសន្យា ជាមួយក្រុមការងាររួចមកហើយ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងថា ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹងនេះ គឺក្រោមការយកចិត្តទុកដាក់គិតគូរ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអតីតយុទ្ធជន ជាកងកម្លាំងប្រដាប់អាវុធ ទទួលបានផ្ទះ និងដី សម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត ក្នុងនាមជាជនស៊ីវិល និងរស់នៅក្នុងមូលដ្ឋាន ស្របទៅនឹងគុណបំណាច់ដែលបានខិតខំនាពេលកន្លងមក។
ទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដាក់ចេញនូវបទបញ្ជាឱ្យក្រុមការងារ រួមជាមួយអាជ្ញាធរដែនដី និងជំនាញពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង ដឹកនាំ និងជម្រុញការដាំដុះ ចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពអតីតយុទ្ធជន ដែលរស់នៅទីនេះ ឱ្យកាន់តែប្រសើរ។ ចំពោះអតីតយុទ្ធជន ដែលក្រុមការងារបានចុះធ្វើបច្ចុប្បន្នភាព ឃើញថាមានចំនួន៥១គ្រួសារ មិនមករស់នៅ និងធ្វើការដាំដុះ បង្កបង្កើនផល និង១៦គ្រួសារទៀត ធ្លាប់បានធ្វើកិច្ចសន្យានោះ ត្រូវសិក្សា និងត្រួតពិនិត្យឡើងវិញ។
នៅក្នុងកិច្ចប្រជុំនោះដែរ លោកសូមឱ្យរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ សំដៅធ្វើយ៉ាងណាឱ្យភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ដែលគ្រោងនឹងសម្ពោធដាក់ប្រើប្រាស់ នាពេលខាងមុខនេះ មានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ និងជាមុខជាមាត់របស់ខេត្តពោធិ៍សាត់យើង ព្រមទាំងបានអញ្ជើញចុះសួរសុខទុក្ខ អតីតយុទ្ធជនតាមខ្នងផ្ទះ ព្រមទាំងដាំកូនឈើ នៅក្នុងបរិវេណមណ្ឌលសុខភាពផងដែរ៕