(ភ្នំពេញ)៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពិភាក្សាផ្លាស់ប្តូរទស្សនទានលើការអនុវត្តច្បាប់ ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងកម្មសិទ្ធិបញ្ញា សម្រាប់សហគ្រាសធុនតូច និងមធ្យម» នៅក្នុងចង្កោមខេត្តចំនួន៤ រួមមានខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។

សមាសភាពចូលរួមក្នុងសិក្ខាសាលានេះ មានដូចជា ស្ថាប័នអយ្យការអមសាលាឧទ្ធរណ៍ សាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធអង្គភាព មន្ទីរពាក់ព័ន្ធជុំវិញខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត សភាពាណិជ្ជកម្មខេត្ត សម្ព័ន្ធសហគ្រាសធុន តូច និងមធ្យមកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា អាជីវករ សិស្ស-និស្សិត និងមន្រ្តីសាខា ក.ប.ប. តាមបណ្ដាខេត្តនានា សរុបទាំងអស់ប្រមាណ ៦៨០នាក់។
 
គោលបំណង នៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងជំរុញការយល់ដឹងឱ្យកាន់តែទូលំទូលាយ ជូនដល់ភាគីពាក់ព័ន្ធ ជាពិសេសសហគ្រាស ធុនតូច និងមធ្យម បានយល់ដឹងអំពីច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិនានា ពាក់ព័ន្ធ នឹងការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងកម្មសិទ្ធិបញ្ញា ព្រមទាំងធ្វើយ៉ាងណាបញ្រ្ជាប និងពង្រីកការយល់ដឹងក្នុងទិសដៅ ធានាឱ្យមាន ការ ប្រកួតប្រជែង ដោយស្មោះត្រង់នៅក្នុងទីផ្សារ បង្កើតឱ្យមានបរិយាកាសប្រកួតប្រជែង ស្មើភាពរវាងធុរកិច្ច ការពារផលប្រយោជន៍ លើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍ សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ជាពិសេសនៅក្នុងបរិបទ នៃទីផ្សារឌីជីថល។

បន្ថែមលើសពីនេះទៀត សិក្ខាសាលានេះ បានផ្តល់នូវវេទិកា ជូនដល់វាគ្មិនដែលមកពីស្ថាប័ននានា និងភាគីពាក់ព័ន្ធចូលរួមក្នុងការពិភាក្សាតុមូលដើម្បីចែករំលែកបទពិសោធ និងបញ្ហាប្រឈម ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលទាក់ទងទៅ នឹងការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងកម្មសិទ្ធិបញ្ញា ជាមួយគ្នានោះផងដែរ វាគ្មិនដែលបានចូលរួមក្នុងកិច្ចពិភាក្សា លើប្រធានបទនេះសុទ្ធសឹង តែជាអ្នកជំនាញក្នុងវិស័យរបស់ខ្លួន។

សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៤ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនេះ គឺបានរៀបចំធ្វើទ្បើងក្នុង ៤ចង្កោមខេត្តនៅទូទាំងប្រទេស រួមមាន៖ លើកទី១ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាបលើកទី២ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ លើកទី៣ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម និងលើកទី៤ ថ្ងៃទី៨ខែតុលា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង។

សូមរំលឹកថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ត្រូវបានរៀបចំក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីឆ្នាំ២០២២ បានចំនួន ៤ ចង្កោមរាជធានី ខេត្ត និងក្នុងឆ្នាំ២០២៣ បានចំនួន៦ ចង្កោមរាជធានី ខេត្តផងដែរ ដែលសហការរៀបចំដោយអគ្គនាយកដ្ឋាន ក.ប.ប. និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)៕