(រតនគិរី-ស្ទឹងត្រែង)៖ ក្នុងឱកាសធ្វើដំណើរទស្សនកិច្ចសិក្សាតាមបង្គោលព្រំដែនប៉ែកឦសាន នៅត្រង់បង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ រវាងខេត្តរតនគិរី ជាមួយនឹងប្រទេសវៀតណាម និងបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន រវាងខេត្តស្ទឹងត្រែង ជាមួយនឹងប្រទេសឡាវ ដែលជាជើងទី៤ នៃដំណើរទស្សនកិច្ច ប្រជាពលរដ្ឋ គឺបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងស្ថានភាពពិតបន្ទាប់ក្រុមប្រឆាំងបានព្យាយាមលាភពណ៌មិនចំពោះរឿងព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង។

ថ្លែងក្នុងទឹកមុខជឿជាក់, ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋជាច្រើមរូបទៀត អះអាងថា ពេលមកដល់ព្រំដែន ឃើញបង្គោលព្រំដែនធំ រឹងមាំ មានអារម្មណរំភើប និងសប្បាយចិត្ត ហើយគ្រាដែលមិនទាន់មកឃើញនឹងភ្នែក ធ្លាប់លឺតែគេនិយាយថា ព្រំដែនរបស់យើងចេះដើរ ប៉ុន្តែ ពេលនេះលែងស្រពិចស្រពិលទៀតហើយ ពីព្រោះរដ្ឋាភិបាល បានបោះបង្គោលព្រំដែនបានយ៉ាងល្អ។

សម្រាប់ប្រជាពលរដ្ឋម្នាក់ទៀត ដែលអញ្ជើញមកពីខេត្តព្រះសីហនុ ធ្វើដំណើរលើចម្ងាយផ្លូវជាង១ពាន់គីឡូម៉ែត្រ ទម្រាំមកដល់បង្គោលព្រំដែនភូមិភាគឦសាននេះ បានបង្ហាញជំនឿយ៉ាងមុតមាំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលថា នឹងមិនអនុញ្ញាតឱ្យបាត់ទឹកដីកម្ពុជា ទៅបរទេសជាដាច់ខាត។ ឃើញផ្ទាល់នឹងភ្នែកហើយថា ការយកចិត្តរបស់រាជរដ្ឋាភិបាល ចំពោះទឹកដីកម្ពុជា តាមរយៈការអភិវឌ្ឍព្រំដែន រៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត និងបន្តគាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យបន្តដឹកនាំប្រទេសជាតិតទៅមុខទៀត។

ដោយឡែកយុវត្តី១រូបទៀត បានបង្ហាញអារម្មណ៍ថា នៅពេលមិនទាន់មកព្រំដែន លឺតែគេនិយាយថាយើងបាត់ដី ស្ទើរតែលង់ជឿនឹងពាក្យសម្តីរបស់គេ ប៉ុន្តែ ពេលនេះលែងព្រួយបារម្ភទៀតហើយ ពីព្រោះរាជរដ្ឋាភិបាល បានបោះបង្គោលព្រំដែន បានយ៉ាងរឹងមាំ និងមានភាពច្បាស់លាស់ មិនដូចជាពាក្យចោទប្រកាន់នោះទេ។

ប្រជាពលរដ្ឋម្នាក់ទៀត បានឱ្យដឹងថា៖ «ខ្ញុំនៅពេលមិនទាន់មកដល់ព្រំដែន លឺតែគេនិយាយថា បង្គោលព្រំដែនចេះដើរ ដល់ពេលអីឡូវបានមកឃើញជាក់ស្តែងអ៊ឹចឹង ទើបដឹងថាការនិយាយរបស់គេ គឺមិនពិតនោះទេ យើងឃើញជាក់ស្តែងទើបដឹង កុំតាមគេនិយាយ បើសិនបងប្អូនដែលមិនទាន់បានឃើញគួរមកមើលបង្គោលព្រំដែនឱ្យបានម្តង ទើបបានដឹងច្បាស់»

សម្រាប់យុវសិស្សម្នាក់ទៀត បានថ្លែងថា នៅក្នុងសាលារៀនលឺតែមិត្តភិក្តមួយចំនួនខ្សឹបខ្សៀវគ្នាថា បន្តិចទៀតអស់ដីនៅហើយ ព្រោះបង្គោលព្រំដែនចេះដើរ ប៉ុន្តែ នៅពេលបានមកឃើញស្ថានភាពព្រំដែនផ្ទាល់ ទើបយល់ច្បាស់ថាមូលហេតុអី បានរដ្ឋាភិបាលមិនធ្វើរបងព័ន្ធជុំវិញប្រទេស ហើយបង្គោលព្រំដែនទៀតសោត គឺមានទម្រាំរាប់តោន គ្នានរណាម្នាក់អាចរំកិលបាននោះទេ។ «ខ្ញុំអត់ព្រួយបារម្ភរឿងបាត់ដីទៀតទេ ពីព្រោះមានកងទ័ពបានឈរការពារ យាមទាំងយប់ និងថ្ងៃ»

គួរជម្រាបថា នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ ទិសឦសាន សម្រាប់ជើងទី៤ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី និងនៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។

ដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាននេះ ត្រូវបានរៀបចំ និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។

សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែករបស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

សូមស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋចខាងក្រោម៖