(ភ្នំពេញ)៖ ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ពេលព្រឹកមានពីរមុខវិជ្ជាគឺ អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ) និងគណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា (វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។
តាមការចុះផ្សាយរបស់ក្រសួងអប់រំ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នាព្រឹកថ្ងៃទី២នេះ បេក្ខជនអវត្តមានសរុប ២.៣៦៤ នាក់ ស្រី៩០៧ នាក់ (កើនលើសថ្ងៃទី៨ ខែតុលា ចំនួន៤៦នាក់) ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន១.៩៥៥នាក់។ បេក្ខជនមានបញ្ហាសុខភាពចំនួន ៤៤នាក់ ក្នុងនោះ ៤នាក់បោះបង់ការប្រឡង ៧នាក់ត្រូវបានបញ្ជូនទៅប្រឡងក្នុងបន្ទប់ដាច់ដោយឡែក និងរងគ្រោះថ្នាក់ចរាចរណ៍ ៤នាក់។
អនុរក្ស អប្បមាទ និងគណៈកម្មការ ដែលមានបញ្ហាសុខភាព មានចំនួន១០នាក់ (ករណីគ្រុនពោះវៀន និងលើសឈាម)។ អនុរក្សអនុវត្តខុសបទបញ្ជាមាន ២ ករណី (អនុរក្ស ១នាក់ប្រើទូរសព្ទថតវិញ្ញាសា នៅមណ្ឌល វិទ្យាល័យវឌ្ឍនៈឈូងលាភ ខេត្តកណ្តាល និងអនុរក្ស ១នាក់ យកទូរសព្ទចូលបន្ទប់ប្រឡង នៅមណ្ឌល អនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ)។
ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។
នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.០៤០ នាក់ (ស្រី ៧៤.៨៨២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់ (ស្រី ២៣.៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧.៦៨២ នាក់ (ស្រី ៥១.១៦៧ នាក់)។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣.៩៣១ បន្ទប់៕