(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៥ (ACC) ដែលរៀបចំឡើងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានបង្ហាញការគាំទ្រចំពោះការបង្កើតអង្គភាព នៅក្នុងលេខាធិការដ្ឋានអាស៊ាន ដើម្បីជួយទីម័រខាងកើត បំពេញលក្ខណៈវិនិច្ឆ័យ ដែលនៅសេសសល់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ក៏ដូចជាការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគាំទ្រទីម័រខាងកើត ឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានឱ្យបានឆាប់បំផុត។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រចំពោះការបង្កើតអង្គភាពនៅក្នុងលេខាធិការដ្ឋានអាស៊ាន ដើម្បីជួយទីម័រខាងកើតបំពេញលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់ ដូចដែលមានចែងក្នុងផែនទីបង្ហាញផ្លូវសម្រាប់សមាជិកភាពពេញសិទ្ធិអាស៊ានរបស់ទីម័រខាងកើត។
កិច្ចប្រជុំខាងលើនេះ ក៏បានកត់សម្គាល់ដោយពេញចិត្តចំពោះវឌ្ឍនភាព របស់ក្រុមការងារជាន់ខ្ពស់សម្រាប់ ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ (HLTF-ACV) ក្នុងការរៀបចំបណ្តាផែនការ យុទ្ធសាស្ត្រថ្មីសម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ ដែលរំពឹងថា នឹងត្រូវបានអនុម័តនៅ ឆ្នាំក្រោយ អំឡុងពេលម៉ាឡេស៊ី ធ្វើជាប្រធានអាស៊ាន។ កិច្ចប្រជុំក៏បានពិភាក្សាអំពីវឌ្ឍនភាព ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ សម្រាប់សមាជិកភាពពេញសិទ្ធិអាស៊ានរបស់ទីម័រខាងកើត និងបានផ្លាស់ប្តូរទស្សនៈអំពីវិធីពន្លឿនដំណើរការចូលជាសមាជិកពេញសិទ្ធិអាស៊ាន។
សូមជម្រាបថា ទីម័រខាងកើត ត្រូវបានអនុញ្ញាតជាគោលការណ៍ឲ្យចូលជាសមាជិកទី១១ របស់អាស៊ាន នៅឆ្នាំ២០២២ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសបន្តប្រឹងប្រែងជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ខណៈទីម័រកំណត់យកឆ្នាំ២០២៥ ដើម្បីក្លាយជាសមាជិកពេញសិទ្ធរបស់អាស៊ាន៕