(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសបដិសេធ ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand បានចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម បានលើកឡើងថា មូលហេតុមួយនៃការលុបចោលកម្មវិធី Miss Grand International ២០២៤ នៅកម្ពុជា បណ្ដាលមកពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មិនបានចូលរួមសន្និសីទកាសែត ក្នុងកម្មវិធីនេះ។
គួរជម្រាបថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មាន The Nation Thailand បានចុះផ្សាយព័ត៌មាន តាមបណ្តាញសង្គម Facebook ដែលមានខ្លឹមសារថា មូលហេតុមួយនៃការលុបចោលកម្មវិធី Miss Grand International ២០២៤ នៅកម្ពុជាបណ្តាលមកពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មិនបានចូលរួមសន្និសីទកាសែតក្នុងកម្មវិធីនេះតាមការសន្យា។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ ក្រសួងទេសចរណ៍ បានបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា៖
១. ក្រសួងទេសចរណ៍ សូមច្រានចោល និងបដិសេដចំពោះការចុះផ្សាយព័ត៌មានខាងលើនេះ ដែលខុសពីការពិតទាំងស្រុង និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់ក្រសួងទេសចរណ៍កម្ពុជា។
២. ពាក់ព័ន្ធនឹងកម្មវិធី Miss Grand International ២០២៤ នេះ កាលពីព្រឹកថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតទទួលជួបសំណេះសំណាលជាមួយប្រតិភូនៃកម្មវិធី រួមមានតំណាងក្រុមហ៊ុន HK7 Co., Ltd (ក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខក្នុងការរៀបចំកម្មវិធី Miss Grand International ២០២៤ នៅប្រទេសកម្ពុជា) តំណាងកម្មវិធី Miss Grand International និងបេក្ខនារីដែលមកពីបណ្តាប្រទេសទាំង៧៥ នៃកម្មវិធី Miss Grand International ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ប្រតិភូ និងបេក្ខនារី នៃកម្មវិធី Miss Grand International ២០២៤ មកកាន់កម្ពុជា និងបានបង្ហាញនូវការរីករាយចំពោះកម្មវិធី Miss Grand International ២០២៤ ក្នុងការចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍នៅកម្ពុជា និងការផ្សារភ្ជាប់ទេសចរណ៍ជាមួយសន្តិភាព។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានជួយសម្របសម្រួល និងផ្តល់កិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធលើបែបបទចេញ-ចូលព្រះរាជាណាចក្រកម្ពុជា និងការចូលទស្សនារមណីយដ្ឋាននានា។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពុំធ្លាប់បានសន្យាថានឹងចូលរួមសន្និសីទកាសែត និង/ឬកម្មវិធីណាមួយផ្សេងទៀត ក្រៅអំពីការទទួលជួបសំណេះសំណាលជាមួយប្រតិភូ និងបេក្ខនារី នៃកម្មវិធី Miss Grand International ២០២៤ កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍នោះទេ។
៣. ក្រសួងទេសចរណ៍បានស្នើឱ្យសារព័ត៌មាន The Nation Thailand កែតម្រូវ និងបញ្ឈប់រាល់ការផ្សាយព័ត៌មានមិនពិតខាងលើ និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ៕