(ភ្នំពេញ)៖ លោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី បានចាត់ទុកការផ្ដួចផ្ដើមគំនិតក្នុងការដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បង្ហាញពីស្មារតីរួបរួមសាមគ្គីខ្មែរតែមួយ ផ្ទុយពីការញុះញង់អុចអាលរបស់ក្រុមប្រឆាំងជ្រុលនិយម។
តាមរយៈវីដេអូមួយ លោក មួង សូនី ក្រៅពីគាំទ្រនូវគំនិតក្នុងការរៀបចំអង្គកឋិនទានដង្ហែទៅវត្តខ្មែរក្រោមរបស់សម្ដេចតេជោ ហ៊ុន សែន ហើយនោះ លោកបានហួសចិត្តចំពោះការចេញមកលាបពណ៌របស់ លោក អ៊ុំ សំអាន ដែលជាអតីតតំណាងរាស្ដ្រអតីតគណបក្សប្រឆាំង ដោយគ្មានមូលដ្ឋានច្បាស់លាស់ប្រឆាំងឲ្យតែបានប្រឆាំង។
ប្រធានសមាគមរូបនេះបានអះអាងថា សម្ដេចតេជោ ហ៊ុន សែន មានគោលបំណងចង់ទៅធ្វើបុណ្យកឋិនទាន តាំងពី១២ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែដោយសារពេលវេលាមិនអំណោយផល ទើបសម្រេចដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម ដែលនឹងហែទៅដល់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះវិញ។
លោកបន្ថែមទៀតថា ទង្វើប្រឆាំងរបស់ក្រុមប្រឆាំងមួយចំនួន បាននិងកំពុងតែរុញឲ្យប្រជាពលរដ្ឋខ្មែរបែកបាក់សាមគ្គីភាពគ្នា ដោយគ្មានទង្វើណាមួយបង្ហាញពីមនសិការស្នេហាជាតិនោះឡើយ។
លោក មួង សូនី ប្រធានសមាគមកក្រុមការងារ១០០រាត្រី តំណាងឲ្យសមាជិកនៃក្រុមការងារទាំងមូល បានគាំទ្រ និងសប្បាយចិត្ត ចំពោះគំនិតផ្ដួចផ្ដើមសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឆ្លុះបញ្ចាំងអំពី អំពើល្អនៃការធ្វើបុណ្យទាន ដែលមិនបានបង្ហាញថា ជាផលប្រយោជន៍របស់បុគ្គលណាម្នាក់នោះទេ ពោលគឺជាសកម្មភាពរួបរួមសាមគ្គីភាពជាខ្មែរតែមួយ ដើម្បីផលប្រយោជន៍ជាតិជារួម៕