(វៀងចន្ទន៍-ឡាវ)៖ ក្នុងឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក អេត វ៉ាយហ៊្សេ (The Hon Lord Ed Vaizey of Didcot) ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន ដើម្បីជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការស្ថាប័នទាំងពីរ។
អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សានៅថ្ងៃនេះ ជាមួយលោក អេត វ៉ាយហ៊្សេ ដើម្បីស្វែងរកមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់អំពីការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចក្រភពអង់គ្លេស ដោយបានសង្កត់ធ្ងន់ថា «កម្ពុជាមានទីផ្សារទូលំទូលាយមានកម្លាំងពលកម្មវ័យក្មេង និងមានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រ នៅចំកណ្តាលអាស៊ាន ដែលមានប្រជាជនសរុបជាង ៦៨០លាននាក់»។
អ្នកឧកញ៉ាជំរុញលើកទឹកចិត្តធុរជនអង់គ្លេស ស្វែងរកកាលានុវត្តភាពដ៏សំបូរបែបនៅកម្ពុជា ខណៈដែលកម្ពុជាជាប្រទេសអាទិភាព នៃភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេស។
អ្នកឧកញ៉ា ក៏បានលើកឡើងពីការយកចិត្តទុកដាក់ លើវិស័យឯកជនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយអ្នកឧកញ៉ាបានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ការគាំទ្រ និងកិច្ចសម្របសម្រួលគ្រប់រូបភាព ដើម្បីឱ្យធុរជន និងអ្នកវិនិយោគបរទេស អាចធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ប្រកបដោយផ្លែផ្កា និងរីកចម្រើន ខណៈដែលមានការកែលម្អបរិយាកាស ធុរកិច្ច និងការវិនិយោគ ដែលមានគោលដៅយុទ្ធសាស្ត្រផ្ដោតលើការបន្តកែលម្អបរិយាកាសអំណោយផល ដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការសម្រួល និងការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា, ការផ្តល់សេវាសាធារណៈ និងកិច្ចការរដ្ឋបាល រួមនឹងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើន ក្នុងកម្រិតជាតិ និងតំបន់»។
លោក អេត វ៉ាយហ៊្សេ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន បានបញ្ជាក់ពីគោលជំហរ របស់ក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស អាស៊ាន ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជា ដោយមើលឃើញពីសក្តានុពល ក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ចជាមួយគ្នា។ លោកបានបន្ថែមទៀតថា ក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេសអាស៊ាន រីករាយនឹងបន្តសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីកាលានុវត្តភាពកម្ពុជា។
ក្នុងកិច្ចពិភាក្សាគ្នានេះ ស្ថាប័នទាំងពីរបានឯកភាពជួយផ្សព្វផ្សាយជំរុញកម្ពុជា ជាទិសដៅវិនិយោគរបស់ធុរជនអង់គ្លេស។ សម្របសម្រួលតភ្ជាប់ទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងអង់គ្លេស។ ជំរុញបរិយាកាសវិនិយោគល្អប្រសើរនៅកម្ពុជា។ ជាពិសេសស្ថាប័នទាំងពីរ ក៏បន្តការខិតខំចាប់ដៃគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តការទាំងកំរិតក្របខណ្ឌអាស៊ាន និងពហុភាគី៕