(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ បានប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋចំនួន៤ភូមិ មានដូចជា៖ ភូមិតាច្រែង, ភូមិអូរក្រឡាញ់, ភូមិកោះក្របៅ និងភូមិសំពៅលូន ស្ថិតនៅក្នុងឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ពិធីនេះ ក្រោមវត្តមានរបស់លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប និងលោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត, លោក មឿក សុភី អភិបាលរងស្រុកក្រឡាញ់, ព្រមទាំងលោក លោកស្រី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងតំណាងធនាគារ, អង្គភាពហិរញ្ញវត្ថុ ព្រមទាំងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។
លោក ប៊ូ ជុំសម្បត្តិ បានលើកឡើងថា ក្នុងអំឡុងនៃការចុះធ្វើប័ណ្ណជូនប្រជាពលរដ្ឋ គឺមន្រ្តីជំនាញបានធ្វើការងារដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ហ្មត់ចត់បំផុត ក្នុងការធ្វើបណ្ណកម្មសិទ្ធិ និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ឱ្យប្រើប្រាស់ដោយស្របច្បាប់ និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។
លោកបន្តថា ការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ជូនដល់ប្រជាពលរដ្ឋ ដែលមានក្បាលដីនៅក្នុងឃុំក្រឡាញ់នាពេលនេះ គឺមានចំនួន៤ភូមិ ដែលមានក្បាលដីសរុប ចំនូន៣,២៨៤ ហើយចេញបណ្ណបាន ២,៩៨៨ ក្បាលដី៖ ភូមិតាច្រែង ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៦៧៧ក្បាលដី, ភូមិអូរក្រឡាញ់ ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន១,០៣៤ក្បាលដី, ភូមិកោះក្របៅ ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៧២០ក្បាលដី និងភូមិសំពៅលូន ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន៥៥៧ក្បាលដី។
លោក ប៊ូ ជុំសម្បត្តិ បានបន្តថា ចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធជូននៅពេលនេះ ចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារ ដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម។ ចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យ និងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ ដើម្បីឈានទៅដល់ការចេញប័ណ្ណ ជូនម្ចាស់ដីជាបន្តទៀតផងដែរ។
លោក ហែន ពុទ្ធី បានលើកឡើងថា ការផ្តល់ប័ណ្ណកម្មសិទ្ធិនេះ នឹងបញ្ចៀសបាននូវបញ្ហាជម្លោះដីធ្លី។ ចំពោះប័ណ្ណកម្មសិទ្ធិនេះ ក៏បានផ្តល់ជូនដល់ប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ ជាក់ស្តែងមិនមានការភ័យខ្លាច។
លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលទើបតែទទួលបានប័ណ្ណកម្មសិទ្ធិទាំងអស់ ត្រូវយកប័ណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់ ជាពិសេស សូមកុំយកបណ្ណកម្មសិទ្ធិទៅអ៊ុតថង់ប្លាស្ទិកជាដាច់ខាត។
ជាមួយនេះដែរ លោក ហែន ពុទ្ធី ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឲ្យបានគ្រប់ៗ។ សូមឲ្យអាជ្ញាធរឃុំ ស្រុក និងមន្រ្តីជំនាញទាំងអស់ សូមយកចិត្តទុកដាក់ណែនាំនឹងពន្យល់ប្រជាពលរដ្ឋ អំពីឯកសារពាក់ព័ន្ធផ្សេងៗ ដែលទាក់ទងនឹងការមកទទួលប័ណ្ណកម្មសិទ្ធិដីធ្លីនេះផងដែរ៕