(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សុខភាពនៃវិស័យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននៅតែមានភាពល្អប្រសើរ និងរឹងមាំ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលធនាគារជាតិនៃកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពវិស័យធនាគារនៅកម្ពុជា នាល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការវាយតម្លៃ សុខភាពរបស់គ្រឹះស្ថានបច្ចុប្បន្ន [...] គ្រឹះស្ថានធនាគារយើង មានកំណើនខ្ពស់ ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយ មានការកើនឡើងលឿនមែនទែន ហើយល្បឿនឥណទាន ក៏មានការកើនឡើង ចំណូលក៏មានការកើនឡើងខ្ពស់។ ប៉ុន្តែក្រោយមកដោយសារកូវីដ និងវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយសង្គ្រោម ទើបបណ្តាលឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ»។
លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា មូលហេតុទាំងនេះហើយដែលធ្វើឲ្យការវិនិយោគទូទាំងពិភពលោក មិនតែនៅក្នុងប្រទេសកម្ពុជា មានការស្ទាក់ស្ទើរ និងកំពុងរង់ចាំមើលថា ស្ថានភាពវានឹងវិវត្ដទៅយ៉ាងម្ដេចបន្ដទៀត ជាពិសេសសហរដ្ឋអាមេរិក ក៏ជិតដល់ពេលបោះឆ្នោតថែមទៀត។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា «ស្ថានភាពនេះ ជាស្ថានភាពមួយ ដែលយើងគិតថា វានៅមានភាពមិនច្បាស់លាស់ច្រើន [...] ដោយឡែក សុខភាពគ្រឹះស្ថាន [ធនាគារ និងមីក្រូហិញ្ញវត្ថុ] ឃើញថា ប្រាក់ចំណេញមានការធ្លាក់ចុះ ប៉ុន្ដែស្ថានភាពនៅរឹងមាំនៅឡើយ»៕