(បន្ទាយមានជ័យ)៖ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ មានករណីលួច (កាបូបដាក់ប្រាក់) បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកកាបូបដាក់ប្រាក់របស់ជនរងគ្រោះ ឈ្មោះ ផាន សុភី ភេទស្រី អាយុ៤១ឆ្នាំ បន្ទាប់ពីធ្វើកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។
ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះដល់ទីតាំងកើតហេតុ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាព កំណត់មុខសញ្ញាជនសង្ស័យ និងធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៤៖៣០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ អាន គុណធីម អាយុ៣៤ឆ្នាំ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន វត្ថុតាងនៃបទល្មើស ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលរកឃើញមានសារធាតុញៀនវិជ្ជមាន (+) ហើយក៏បានកសាងសំណុំរឿងបញ្ជូន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។
លោកអនុសេនីយ៍ឯក ងួន វិញ្ញាណ នាយការិយាល័យព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាបូបលុយរបស់ជនរងគ្រោះពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង និងទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងការិយាល័យព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុកាបូបលុយ និងសម្ភារត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕