(ព្រៃវែង)៖ បុរសម្នាក់ត្រូវបានបុគ្គលិកផ្ទះសំណាក់ស្រែមានលាភ ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះស្រាវជ្រាវដល់កន្លែងកើតហេតុ។ តាមការវាយតម្លៃរបស់សមត្ថកិច្ច ជនរងគ្រោះបានស្លាប់លើបង្គង ពោលបានស្លាប់ក្រោយនាំស្រីស្នេហ៍ចូលទៅដេកនៅទីនោះ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៤៖៤៥នាទីល្ងាច ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅក្នុងបន្ទប់លេខ០៣ ផ្ទះសំណាក់ស្រែមានលាភ ដែលស្ថិតនៅក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ជនរងគ្រោះមានឈ្មោះ សាំង ស៊ីន អាយុ៥៤ឆ្នាំ មានទីលំនៅក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជនរងគ្រោះបានចូលមកជួលបន្ទប់ដេក នៅផ្ទះសំណាក់ខាងលើ ក្នុងបន្ទប់លេខ០៣ ហើយមួយសន្ទុះក្រោយមកក៏មានស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ បានចូលទៅក្នុងបន្ទប់នោះដែរ ហើយប្រមាណជា២០នាទីក្រោយមក ស្ត្រីរូបនោះក៏ចាកចេញទៅវិញបាត់។
ក្រោយមកដោយមិនឃើញជនរងគ្រោះចេញពីបន្ទប់សោះ បុគ្គលិកផ្ទះសំណាក់ម្នាក់ឈ្មោះ សេង សុខនី ភេទស្រី អាយុ៥០ឆ្នាំ បានចូលទៅគោះទ្វារ ឃើញទ្វារបើកមិនចាក់គន្លឹះ ក៏ចូលទៅមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយ ទើបមានការផ្អើលឆោរឡោប្ដឹងសមត្ថកិច្ចតែម្ដង។
ក្រោពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចស្រុកពារាំង បានចុះទៅហ៊ុំព័ទ្ធទីតាំងកើតហេតុ ហើយរហូតដល់ព្រឹកថ្ងៃទី០៩ ខែតុលា ទើបព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រៃវែង ដឹកនាំកម្លាំងជំនាញចុះទៅត្រួតពិនិត្យ និងបានប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យ ក្រោយពីធ្វើកោសល្យវិច័យរួច។
ទោះជាយ៉ាងណាក៏ដោយ ជុំវិញរឿងរ៉ាវខាងលើនេះ ខាងសមត្ថកិច្ចក៏ដូចជាព្រះរាជអាជ្ញា មិនបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលថតយករូបភាពនៅក្នុងកន្លែងកើតហេតុទេ ហើយក៏មិនបានផ្ដល់ព័ត៌មានអ្វីដល់អ្នកព័ត៌មានដែរ ដូច្នេះហើយទើបគេមិនទាន់ដឹងពីមូលហេតុ នៃការស្លាប់របស់ជនរងគ្រោះ ប៉ុន្តែតាមការសង្ស័យ គឺអាចជាករណីនាំស្រីស្នេហ៍មកឡើងឋានសួគ៌ហើយត្រូវស្លាប់លើបង្គង៕