(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ លោក -លោកស្រីចៅសង្កាត់ លោកមេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង៨។
នៅក្នុងកិច្ចប្រជុំ លោកអភិបាលខណ្ឌ បានដាក់ចេញនូវិធានការដែលត្រូវអនុវត្តរួមមាន៖
ទី១-ពង្រឹងនូវការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសលើការងារផ្តល់សេវាសាធារណៈ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព និងវិធានការបង្ការទប់ស្កាត់ល្បែងស៉ីសងគ្រប់ប្រភេទ សកម្មក្មេងទំនើង គ្រឿងញៀន ។ល។
ទី២-សង្កាត់នីមួយៗត្រូវពង្រឹងវេនយាមប្រចាំការនិងដឹកនាំកម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីងាយស្រួល និងដោះស្រាយបានទាន់ពេលវេលានូវហេតុការណ៍ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសនៅពេលយប់។
ទី៣-សង្កាត់នីមួយៗ ត្រូវត្រៀមដោះស្រាយនូវការលិចលង់ដោយទឹកភ្លៀង។ ករណីសង្កាត់ មិនមានលទ្ធភាព ឬដោះស្រាយមិនបាន ត្រូវរាយការណ៍មកសាលាខណ្ឌបន្ទាន់ ដើម្បីយើងអាចជួយពួកគាត់បានទាន់ពេលវេលា។
ទី៤-លោកអភិបាលរងទទួលបន្ទុក ត្រូវបន្តដឹកនាំការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងដឹកនាំការងារដោះស្រាយការកកស្ទះចរាចរណ៍ក្នុងមូលដ្ឋាន ។
ទី៥-លោក លោកស្រី អភិបាលរងទទួលបន្ទុក ត្រូវពង្រឹងការងារគ្រប់គ្រងជនបរទេសក្នុងដែនសមត្ថកិច្ចរបស់យើង៕