(ភ្នំពេញ)៖ សូមចូលរួមសោកស្តាយធនធានមនុស្ស ខាងសៀករហ័សកម្មដ៏ល្បីប្រចាំប្រទេស គឺស្តេចសៀករហ័សកម្ម លោក ចៅ ហ្វា បានទទួលមរណភាព ដោយជរា និងរោគាពាធក្នុងជន្មាយុ ៩១ឆ្នាំ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។
តារាចម្រៀងលោក សុះ ម៉ាច ដែលជាអ្នកស្គាល់ជិតស្និទ្ធនឹងគ្រួសារលោកតា ចៅ ហ្វា បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ជាការពិតលោក ចៅ ហ្វា បានទទួលមរណភាពហើយដោយជរា និងរោគាពាធក្នុងជន្មាយុ ៩១ឆ្នាំ កាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ ហើយការបាត់បង់សិល្បករសៀករហ័សកម្មដំបូងគេបង្អស់របស់កម្ពុជា ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺតាំងពីទស្សវត្សទី៦០ និងត្រូវបានប្រជាជនខ្មែរប្រសិទ្ធនាមថា «ស្តេចសៀក» លោក ចៅ ហ្វា គឺជាការបាត់បង់ធនធានមនុស្សដ៏កម្រក្នុងវិស័យសិល្បៈវេទមន្ត និងសៀករហ័សកម្មនៅកម្ពុជា ដែលបច្ចុប្បន្នជំនាញនេះ ស្ទើរតែបាត់បង់គ្មានអ្នកចេះទៅហើយ។
អ្វីដែលកម្ពុជាកាន់តែសោកស្តាយជាងនេះទៅទៀតនោះ គឺក្រុមគ្រួសាររបស់លោកតា ចៅ ហ្វា ពុំមានបន្សល់ទុកដំណក់នូវឈាមសិល្បករសៀក ឬបន្តពូជពង្សរង្សត្រកូលរបស់ខ្លួន សម្រាប់កម្ពុជានោះទេ។ លោក ចៅ ហ្វា កើតនៅឆ្នាំ ១៩៣៧ នាទឹកដីកម្ពុជាក្រោម។
ដំណឹងការទទួលមរណភាពរបស់ស្តេចសៀករហ័សកម្ម លោក ចៅ ហ្វា គឺជាក្ដីសោកសៅមួយសម្រាប់ក្រុមគ្រួសារ ក៏ដូចជាសម្រាប់សិល្បករ-សិល្បការិនីរួមជំនាន់ និងញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមរំលែកនូវមរណទុក្ខ ដល់ក្រុមគ្រួសារសព តាមកម្លាំងសុទ្ធាជ្រះថ្លា។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះសពលោកតា ចៅ ហ្វា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅផ្ទះលេខ A2.19 ផ្លូវ 5A ភូមិម័រ សង្កាក់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមទាក់ទងកូនប្រុសរបស់លោកតា តាមរយៈលេខទូរស័ព្ទ 070 30 60 50៕