(កំពង់ចាម)៖ លោក ឈឹម សៅគី រដ្ឋលេខាធិកាប្រចាំការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក្រាលកៅស៊ូ DBST ចំនួន ២គម្រោង ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។
នាឱកាសនោះដែរលោក ឈឹម សៅគី បានថ្លែងថា ការបើកការដ្ឋានស្ថាបនាផ្លូវជនបទនាពេលនេះ គឺជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបតាមតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្ត ក្រុង-ស្រុក។ ការស្ថាបនាផ្លូវកៅស៊ូនេះ គឺជួយកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារ បានយ៉ាងងាយស្រួល ឆាប់រហ័ស និងចំណាយពេលវេលាតិច ដែលកត្តានេះ នឹងរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ និង កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានផងដែរ។
ទន្ទឹមនឹងនេះដែរលោក ឈឹម សៅគី ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្របសម្រួលសហការជាមួយក្រុមការងារស្ថាបនាផ្លូវនេះ ឱ្យដំណើរប្រព្រឹត្តទៅដោយរលូន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងឆាប់រហ័ស។
សូមជម្រាបជូនថា ផ្លូវជនបទក្រាលកៅស៊ូ DBST ដែលបេីកការដ្ឋាននៅពេលនេះ មានចំនួន២គម្រោង ដោយគម្រោងទី១ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) ០១ខ្សែ ប្រវែង ៥,២០០ ម៉ែត្រ តភ្ជាប់រវាងឃុំគោកស្រុក និងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងគម្រោងទី២ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ ប្រវែង ៣,១០០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំជយោ ទៅភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម៕