(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាតំណាងលោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន, លោកឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្ដស្រាវជ្រាវរៀនសូត្របន្ថែមទៀតលើការងារព្យាបាល ស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សំដៅចូលរួមចំណែកអនុវត្តតាមទិសស្លោករបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺ «ចូលរួមទាំងអស់គ្នា សម្រាប់កម្ពុជាគ្មានគ្រឿងញៀន»។
ការលើកឡើងបែបនេះរបស់លោកឱសថការី ឈី ហុង ធ្វើឡើងក្នុងបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ការបំប៉នសមត្ថភាពដល់បុគ្គលិកសុខាភិបាល និងមន្ដ្រីបម្រើការងារតាមមជ្ឈមណ្ឌល មណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ នាទីស្ដីការក្រសួងមហាផ្ទៃ។
មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយ ក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដែលត្រូវដោះស្រាយចំពោះមុខ និងបានបង្ហាញពីឆន្ទៈដ៏មុតស្រួចបំផុត ក្នុងការកាត់បន្ថយ និងឈានទៅរកការលុបបំបាត់ឲ្យអស់ពីកម្ពុជា ដើម្បីឆ្លើយតបដោះស្រាយទៅនឹងក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជា។
ជាពិសេសក្នុងឱកាសបិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៣ និងទិសដៅឆ្នាំ ២០២៤ សម្ដេចបវរធិបតី បានដាក់ទិសស្លោក «ចូលរួមទាំងអស់គ្នា សម្រាប់កម្ពុជាគ្មានគ្រឿងញៀន»។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានចាត់ទុកការងារព្យាបាល ស្តារ នីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន ជាការងារអាទិភាពមួយ ក្នុងចំណោមការងារ អាទិភាពនានា នៃកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ដូចនេះដើម្បីប្ដេជ្ញាចិត្តបន្តចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយរាជរដ្ឋាភិបាល ជាពិសេសការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពការងារព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀន គ្រឿងញៀន ក៏ដូចជាសម្រេចឲ្យបាននូវការចូលរួមកសាង និងដោះស្រាយសហគមន៍យើងគ្មានគ្រឿងញៀន លោកឱសថការី ឈី ហុង បានធ្វើការណែនាំដល់សិក្ខាកាមទាំងអស់ នូវការងារសំខាន់ៗមួយចំនួនរួមមាន៖
*ទី១៖ ត្រូវខិតខំបន្តស្រាវជ្រាវរៀនសូត្របន្ថែមទៀតលើការងារព្យាបាល ស្តារនីតិសម្បទា និងការងារពាក់ព័ន្ធ ព្រោះតាមរយៈវគ្គបណ្តុះបណ្តាលស្តីពីការបំប៉នសមត្ថភាពដល់បុគ្គលិកសុខាភិបាល និងមន្ត្រីបម្រើការងារតាមមជ្ឈមណ្ឌល មណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ អាចជាមូលដ្ឋានក្នុងការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពបន្តទៀត
*ទី២៖ ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីកម្មវិធីបណ្តុះបណ្តាលនេះ ទៅបន្តចែករំលែក និងអនុវត្តនៅក្នុងបណ្តាអង្គភាពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ
*ទី៣៖ ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់ ការកសាងសមត្ថភាព ចំណេះដឹងជំនាញបន្ថែមទៀត ស្របតាមអាទិភាពគន្លឹះទាំង៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ ជាពិសេសការងារព្យាបាល និងស្ដារ នីតិសម្បទា និងសមាហរណកម្ម
*ទី៤៖ ត្រូវបន្តសហការ ទំនាក់ទំនងគ្នាឲ្យបានជាប់លាប់ និងចែករំលែកព័ត៌មាន ចំណេះដឹងឲ្យគ្នាទៅវិញទៅមក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន
*ទី៥៖ ត្រូវបន្តអប់រំផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ដល់សហការី ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួនឲ្យចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន និងចូលរួមទាំងអស់គ្នាដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន។
យោងតាមរបាយការណ៍របស់លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមសរុបទាំងអស់ ចំនួន៧៥រូប (មន្ត្រីសុខាភិបាលចំនួន២៥រូប, មន្រ្តីទទួលការងារស្តារនីតិសម្បទាចំនួន៥០រូប) ដែលមកពីមជ្ឈមណ្ឌលជាតិ មជ្ឈមណ្ឌលរដ្ឋ ឯកជន និងអង្គការ រួមនឹងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលមានទីតាំងស្ថិតនៅជិតគ្នានឹងមជ្ឈមណ្ឌល និងមណ្ឌល ដើម្បីងាយស្រួលគាំទ្រជួយគ្នាទៅវិញទៅមក ករណីកើតមានអាសន្នភ្លាមៗ ដើម្បីជួយសង្គ្រោះជីវិត និងថែទាំសុខភាពអ្នកញៀនគ្រឿងញៀន៕