(ភ្នំពេញ)៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និងទី៤៥ ឆ្នាំ២០២៤ នៅប្រទេសឡាវ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជាឱ្យប្រទេសទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានឱ្យបានឆាប់បំផុត និងបានបញ្ជាក់ការគាំទ្រចំពោះវិធីសាស្ត្រជាក់ស្តែង ឬប្រកបដោយភាពច្នៃប្រឌិតណាមួយដែលអាចជួយសម្រេចបាននូវគោលដៅនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ បានបញ្ជាក់ថា «សម្តេចបវរធិបតី ក៏បានបញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់កម្ពុជាឱ្យទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ឱ្យបានឆាប់បំផុត និងបានបញ្ជាក់ការគាំទ្រចំពោះវិធីសាស្ត្រជាក់ស្តែង ឬប្រកបដោយភាពច្នៃប្រឌិតណាមួយដែលអាចជួយសម្រេចបាននូវគោលដៅនេះ»។
ប្រទេសទីម័រខាងកើតបានស្នើសុំចូលជាសមាជិកអាស៊ានតាំងពីឆ្នាំ២០១១មកម្ល៉េះ ខណៈសំណើនេះត្រូវបានពិភាក្សានិងវាយតម្លៃជាច្រើនឆ្នាំ ក្នុងនោះប្រទេសកម្ពុជាតែងតែបង្ហាញការគាំទ្រជារឿយៗ ដើម្បីឱ្យប្រទេសទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានសម្រេចឱ្យប្រទេសទីម័រឡេស្ដេក្លាយជាអ្នកសង្កេតការណ៍សិន មុនក្លាយជាសមាជិកអាស៊ានទី១១ពេញសិទ្ធិក្នុងពេលខាងមុខ។ តែយ៉ាងណា ទីម័រឡេស្តេបានកំណត់យកឆ្នាំ២០២៥ ដើម្បីក្លាយជាសមាជិកពេញសិទ្ធរបស់អាស៊ាន។
គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» បាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕