(ពោធិ៍សាត់)៖ លោក សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យអំពី កិច្ចសហការសម្របសម្រួលគាំទ្រ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋាន ការរៀបចំ និងកិច្ចប្រជុំដំណើរការ នៃលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំជាន់ទី១ អាគាររដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្ត និងអាជ្ញាធរក្រុងស្រុកមួយចំនួនទៀត។
លោក សក់ សេដ្ឋា បានថ្លែងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីសកម្មភាព និងបញ្ហាប្រឈមនានា របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ និងការអនុវត្តតួនាទីភារកិច្ច របស់អនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីធ្វើការបូកសរុបវាយតម្លៃ ដកពិសោធន៍ និងធ្វើការដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានសមស្រប សំដៅពង្រឹង និងលើកកម្ពស់ការអនុវត្តតួនាទីភារកិច្ច ជាសេនាធិការ ជូនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា ក្នុងអាណត្តិរាជរដ្ឋាភិបាលជាបន្តបន្ទាប់ នារយៈពេលកន្លងមក រាជរដ្ឋាភិបាលបានចាត់តាំងសមាជិក សមាជិកា រាជរដ្ឋាភិបាល មន្ត្រីរាជការតាមក្រសួង ស្ថាប័ន និងមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ បង្កើតឡើងនូវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះមកជា ក្រុមការងាររាជរដ្ឋាភិបាលចុលះមូលដ្ឋាន ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធីកំណែទម្រង់ គោលការណ៍ និងវិធានការនានារបស់រាជរដ្ឋាភិបាល នៅតាមមូលដ្ឋាន ព្រមទាំងយកចិត្តទុកដាក់ ក្នុងការជំរុញដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋាន និងការចូលរួមកៀរគរធនធាន ពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលសង្គម និងការអភិវឌ្ឍមូលដ្ឋាន សំដៅបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានាទូទាំងប្រទេស។
លោកទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា បានបន្ថែមថា ផ្អែកលើសមិទ្ធផលដែលក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន សម្រេចបានកន្លងមក រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានបន្តរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាក់ស្តែងនៅខេត្តពោធិ៍សាត់ មានលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់។
ជាមួយគ្នានោះ ក្រុមការងារមានបេសកកម្ម ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីកំណែទម្រង់ និងវិធានការនានា របស់រាជរដ្ឋាភិបាលឱ្យបានសកម្មផុលផុសតាមមូលដ្ឋាននានា សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ មូលដ្ឋានបន្តឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕