(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអនុគណៈកម្មការប្រណាំងទូកទាំងអស់ ត្រូវទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន។ លោក នួន ផារ័ត្ន បានថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យអនុគណៈកម្មការប្រណាំងទូក-ង ថ្នាក់ខេត្តនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
លោកបានបញ្ជាក់ថា «ដើម្បីបង្កលក្ខណៈរីករាយជូនដល់ពលរដ្ឋក្នុងខេត្តបានសប្បាយរីករាយ អនុគណៈកម្មការនីមួយៗត្រូវរៀបចំតុបតែងភ្លើងចម្រុះពណ៌កែលម្អឲ្យមានសោភ័ណភាព បាញ់កាំជ្រួច ការប្រគុំតន្រ្តី ការពារសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យសុខភាព ឱ្យបានល្អជៀសវាងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម និងការរៀបចំពីកន្លែងស្នាក់នៅកាហូបចុក មានទឹក ភ្លើង ត្រៀមថ្នាំពេទ្យជូនបងប្អូនប្រជាពលរដ្ឋ»។
លោកបានបន្តថា អនុគណៈកម្មការនីមួយៗត្រូវធ្វើការទំនាក់ទំនងគ្នា ដើម្បីការងាររបស់ខ្លួនទទួលបានជោគជ័យ និងដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តកំពង់ធំនឹងរៀបចំពិធីប្រណាំងទូក-ង ទូកខ្នាតអន្តរជាតិ ក្នុងថ្ងៃបុណ្យចេញព្រះវស្សាមានរយៈពេល២ថ្ងៃ ដែលប្រព្រឹត្តនៅថ្ងៃទី ១៦-១៧ ខាងមុខនេះ។
ជាមួយគ្នានេះ លោក នួន ផារ័ត្ន សូមអំពាវនាវដល់សម្តេច អ្នកឧកញ៉ា លោកឧកញ៉ា លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករនានា និងលោក-លោកស្រី សូមមេត្តាជួយឧបត្ថម្ភ គ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗដល់គណៈកម្មការខេត្តរៀបចំពិធី ដើម្បីមានលទ្ធភាពក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអ៊ុំទូក និងចាត់ចែងរៀបចំពិធីប្រណាំទូក ង ទូកខ្នាតអន្តរជាតិ ឲ្យទទួលលទ្ធផលល្អប្រសើរ។
គួរបញ្ជាក់ថារដ្ឋបាលខេត្តមានការតុបតែងភ្លើងចម្រុះពណ៌កែលម្អឲ្យមានសោភ័ណភាព បាញ់កាំជ្រួច ការប្រគំតន្រ្តី ការដាក់តាំងលក់ផលិតផល និងម្ហូបអាហារ ជាច្រើនប្រភេទចង់បង្ហាញពីសមទ្ធិផលមួយចំនួន ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលអណត្តិថ្មីដែលមានថ្នាក់ដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតដោយទូកដែលត្រូវចូលរួមប្រកួតនៅថ្ងៃទី១៦-១៧ ខែតុលា មានទូកផ្កាចារ ១៤ទូក, ទូកខ្នាតអន្តជាតិ ៤០ទូក និងទូក-ង ៩ទូក៕