(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-អាយបា បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាយប៉ា ជាមួយប្រមុខដឹកនាំអាស៊ាន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ការដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក Xaysomphone Phomvihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរចូលរួមកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា, លោក សន សារ៉ាណា សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងមន្ត្រីជំនួយការមួយចំនួន អមដំណើរជាមួយ លោកកិត្តិសេដ្ឋាបណ្ឌិតផងដែរ។
នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុងរបស់អាយប៉ា ដើម្បីរៀបចំខ្លឹមសារសេចក្តីថ្លែងការណ៍របស់ប្រជាជនអាស៊ាន តាមរយៈថ្នាក់ដឹកនាំអន្តរសភាអាស៊ាន (AIPA Message) សម្រាប់កិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន។
ក្នុងថ្ងៃដដែល លោកកិត្តិសេដ្ឋាបណ្ឌិត និងលោក សួស យ៉ារ៉ា បានអញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ា និងថ្នាក់ដឹកនាំអាស៊ានលើកទី១៣ ក្រោមការដឹកនាំរបស់ លោកបណ្ឌិត Xaysophone Phomvihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានមហាសន្និបាតរអាយប៉ាលើកទី៤៥ និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥។
ឆ្លៀតក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំខាងលើ ប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-អាយបា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវផងដែរ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ សភាទ្វេភាគីនាពេលកន្លងមក និងបន្តពង្រឹងទំនាក់ទំនងជាប្រពៃណីឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃសភាទាំងពីរ ក៏ដូចជាជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ដែលបម្រើដល់ឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា-ឡាវ។
ភាគីឡាវ បានថ្លែងនូវការកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពកម្ពុជា និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់និងពិភពលោក ហើយភាគីឡាវនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗជាអាទិ៍ ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ការដឹកជញ្ជូន និងការអប់រំ ដើម្បីលើកកម្ពស់វឌ្ឍនភាពនិងវិបុលភាពនៃប្រជាជាតិទាំងពីរ។
ជាមួយគ្នានេះ ប្រធានគណៈប្រតិភូកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាមួយ លោក Tran Quang Phuong អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមថែមទៀតផង។ ដោយភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាចំពោះកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ និងបន្តលើកកម្ពស់តួនាទីនៃការទូតសភា ដើម្បីជំរុញការអភិវឌ្ឍ នៅប្រទេសទាំងពីរនិងក្នុងតំបន់ឱ្យកាន់តែមានការរីកចម្រើន។ ក្នុងឱកាសនោះដែរ លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រកម្ពុជាទាំងវិស័យ ហិរញ្ញវត្ថុនិងបច្ចេកទេសជារៀងរហូតមក៕