(ភ្នំពេញ)៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសកូរ៉េ ដឹកនាំដោយលោកស្រី JAE EUN SHIN ស្ដីពីយុទ្ធសាស្ត្រភាពជាដៃគូរបស់ប្រទេសកូរ៉េ (Korea’s Country Partnership Strategy) ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុកការងារគម្រោងពាក់ព័ន្ធ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។
ជំនួបពិភាក្សានេះធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីសិក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងជំនួយបច្ចេកទេស និងគម្រោងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមានការសាងសង់ផ្លូវថ្នល់-ស្ពាន ប្រកបដោយគុណភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។
នាឱកាសនោះលោក សូរ វ៉ិចទ័រ បានលើកឡើងពីយុទ្ធសាស្ត្រអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការតភា្ជប់ផ្លូវ-ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយគុណភាព និងភាពប្រកួតប្រជែង និងបានជម្រាបជូនគណៈប្រតិភូ ពីបច្ចុប្បន្នភាពទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងគម្រោងសំខាន់ៗមួយចំនួន ដែលក្នុងនោះរួមមានការចូលរួមចំណែករបស់ភាគីកូរ៉េផងដែរ។
ជាលទ្ធផលភាគីកូរ៉េ បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើការអនុវត្តការងារកន្លងមក និងបច្ចុប្បន្ន ហើយនឹងពិចារណាផ្តល់ការគាំទ្រលើសំណើដែលបានលើកឡើង ដោយក្នុងនោះភាគីកូរ៉េ ក៏បានបង្ហាញពីឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសមត្ថភាពមន្រ្តីជំនាញបច្ចេកទេសដល់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ៕