(វៀងចន្ទន៍, ឡាវ)៖ បន្ទាប់ពីដំណើរការកិច្ចកំពូលអាស៊ានលើកទី៤៤ និង៤៥ ក៏ដូចជាកិច្ចប្រជុំកំពូលពាក់ព័ន្ធរយៈពេលពីរថ្ងៃរួចរាល់ទៅ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤នេះ ឡាវដែលជាប្រធានអាស៊ាន បានរៀបចំពិធីលាងសាយភោជន៍ទទួលមេដឹកនាំអាស៊ាន និងប្រទេសដៃគូសន្ទនា ក៏ដូចថ្នាក់ដឹកនាំអង្គការដៃគូអភិវឌ្ឍន៍យ៉ាងមហោឡារិក រីករាយ និងស្និទ្ធស្នាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ធិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។
ក្នុងឱកាសនៃការអញ្ជើញចូលរួមពិធីលាងសាយភោជន៍នេះ សម្តេចមហាបវរធិបតី ក៏បានឆ្លៀតជួបស្វាគមន៍ជាមួយមេដឹកនាំបណ្តាប្រទេសនានា ដែលចូលរួមក្នុងពិធីផងដែរ៕