(វៀងចន្ទន៍, ឡាវ)៖ នាឱកាសថ្លែងសន្ទរកថា ក្នុងកម្មវិធីអាហារពេលព្រឹកស្វែងរកដៃគូ នៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការដាក់បញ្ជូលកម្ពុជា ទៅក្នុងបញ្ជីតាមដានគោលដៅវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលលេចធ្លោក្នុង២០២៤ ដោយការកាសែត Financail Times គឺជាការបង្ហាញអំពីភាពទាក់ទាញរបស់កម្ពុជាសម្រាប់វិនិយោគិនជាសាកល។
សម្តេចបវរធិបតីបន្តថា ក្នុងទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាតែងតែឈរនៅលំដាប់ខ្ពស់ក្នុងចំណោមបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច(LDC) ដែលទទួលបានការវិនិយោគពីបរទេសច្រើនជាងគេ ខណៈ៩ខែឆ្នាំ២០២៤នេះ កម្ពុជា ទទួលទុនវិនិយោគបរទេស ប្រមាណ៧.៥ ប៊ីលានដុល្លារអាមេរិក កើនឡើងចំនួន៤.៧ ប៊ីលានដុល្លារអាមេរិក ឬ១៦១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការដាក់បញ្ជូលកម្ពុជា ដោយការកាសែត Financail Times ទៅក្នុងបញ្ជីតាមដានគោលដៅ FDI ដែលលេចធ្លោ ២០២៤ ដោយឈរនៅលំដាប់កំពូលទាំង៥០នៅលើពិភពលោក បានគូសបញ្ជាក់អំពីភាពទាក់ទាញរបស់កម្ពុជាសម្រាប់វិនិយោគជាសកល។ តួលេខនេះ គឺជាភស្តុតាជាក់ស្តែងបំផុត ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ លំហូរនៃការវិនិយោគពីបរទេសរបស់កម្ពុជាមានទំហំ ៧.៥ ប៊ីលានដុល្លារអាមេរិក កើនឡើងចំនួន៤.៧ ប៊ីលានដុល្លារអាមេរិក ឬ១៦១% បើធៀបនឹងរយៈពេលដូចគ្នា ចន្លោះពីឆ្នាំ២០២២ និងឆ្នាំ២០២៣ ទាំងនេះបានបង្ហាញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើសេដ្ឋកិច្ចកម្ពុជា»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រៅពីអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងក្នុងតំបន់អាស៊ាន កម្ពុជាបានខិតខំពង្រីក និងធ្វើពិពិធកម្មទីផ្សារ ក៏ដូចជាឱកាសក្នុងការនាំចេញ តាមរយៈការចុះកិច្ចព្រមព្រៀងផ្សេងៗ។ ជាក់ស្តែង នៅចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២២ កម្ពុជា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េ និងកិច្ចព្រមព្រៀង រវាងអាស៊ាន-ចិន, អាស៊ាន -កូរ៉េ និង RCEP ដែលកិច្ចព្រមព្រៀងទាំងនេះ បានផ្តល់នូវអត្ថប្រយោជន៍កាន់តែធំធេងណាស់សម្រាប់ការនាំចេញ។ ជាមួយគ្នានេះ នៅឆ្នាំ២០២៣ កម្ពុជាចុះកិច្ចព្រមព្រមមួយទៀត ជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលបានបើកផ្លូវថ្មីមួយទៀត សម្រាប់ការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារតំបន់មជ្ឈិមបូព៌ា។
សម្តេចបវរធិបតីបន្ថែមថា ក្រៅពីអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងទាំងនេះ កម្ពុជានៅតែជាភាគីទទួលផល ពីប្រព័ន្ធទីផ្សារអនុគ្រោះពន្ធ ដោយមិនគិតថ្លៃ និងកូតាមិនគិតថ្លៃ ក្នុងឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដែលរួមមានប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) ដោយអនុគ្រោះយ៉ាងហោចណាស់ ៩៧% សម្រាប់ការនាំចេញទៅកាន់ទីកាន់ទីផ្សារអន្តរជាតិ, និងទទួលបានការអនុគ្រោះ តាមរយៈក្របខ័ណ្ឌអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងក្របខ័ណ្ឌពាណិជ្ជកម្មរបស់ចក្រអង់គ្លេស និងក្របខណ្ឌ GSP ពីប្រទេសចិន អូស្រ្តាលី ញូវហ្សេលែន ជប៉ុន ស្វី និងកាណាដាជាដើម៕