(វៀងចន្ទន៍-ឡាវ)៖ ថ្លែងចេញពីរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ក្នុងវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចសេរីបំផុត ក្នុងពិភពលោក និងជាប្រទេសដំបូងគេ ក្នុងតំបន់ដែលបើកចំហរស្ទើរគ្រប់វិស័យ សម្រាប់វិនិយោគិនបរទេស។
ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងកម្មវិធី អាហារពេលព្រឹកស្វែងរកដៃគូ នៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចសេរីបំផុតក្នុងពិភពលោក វិនិយោគិនបរទេសអាចបង្កើត គម្រោងវិនិយោគ ជាកម្មសិទ្ធិបរទេស១០០% នៅក្នុងវិស័យជាច្រើន ដោយមិនចាំបាច់មានតម្រូវការចូលរួមពីភាគីក្នុងស្រុក លើកលែងតែកម្មសិទ្ធិដីធ្លីមួយប៉ុណ្ណោះ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពិតណាស់ កម្ពុជាគឺជាប្រទេសដំបូងគេក្នុងតំបន់ ដែលបើកចំហស្ទើរតែគ្រប់វិស័យ សម្រាប់ការវិនិយោគបរទេស ចាប់តាំងពីឆ្នាំ១៩៩៤ វិនិយោគិនបរទេសអាចផ្ញើប្រាក់ចំណេញដោយសេរី ទៅកាន់ប្រទេសកំណើតរបស់ពួកគេ។
លើសពីនេះ តាមរយៈច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានផ្ដល់ជូននូវក្របខ័ណ្ឌលើកទឹកចិត្ដដល់គម្រោងវិនិយោគ រួមជាមួយនឹងការសម្របសម្រួលផ្ដល់សេវាថែទាំ ដោយបានធ្វើសាមញ្ញកម្មនីតិវិធីចុះបញ្ជី និងសេវាក្រោយការអនុម័យគម្រោងវិនិយោគ យ៉ាងទូលំទូលាយដល់វិនិយោគិន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា នៅឆ្នាំនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីពិសេស ជំរុញការវនិយោគក្នុងខេត្ដព្រះសីហនុ ឆ្នាំ២០២៤ ដោយផ្ដល់ការសម្រួលនីតិវិធី និងអត្ថប្រយោជន៍ពិសេស ដល់វិនិយោគិន លើសពីច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំ ដល់អាជ្ញាធរពាក់ព័ន្ធឲ្យរៀបចំបង្កើតកម្មវិធីពិសេសមួយ ដើម្បីជំរុញការវិនិយោគនៅក្នុងខេត្ដភូមិភាគឦសានទាំងបួន ជាប់ព្រំដែនឡាវ និងវៀតណាម។
កម្មវិធីពិសេសនេះ នឹងមានរួមបញ្ជូលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការលើកទឹកចិត្ដដ៏គួរឲ្យទាក់ទាញ ដើម្បីបង្កើនទំនុកចិត្ដវិនិយោគបន្ថែមទៀត ទៅដល់តំបន់ដែលពុំសូវមានភាពតភ្ជាប់ និងមានការអភិវឌ្ឍតិចតួច៕