(វៀងចន្ទន៍-ឡាវ)៖ ក្នុងឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមកម្មវិធីអាហារពេលព្រឹក ដើម្បីពង្រឹងយុទ្ធសាស្ត្រសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ រៀបចំដោយលោក អេ នថូនី អាល់បានេស (Anthony Albanese) នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី។
នៅក្នុងពិធីនេះលោក អេ នថូនី អាល់បានេស (Anthony Albanese) នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី បានមានប្រសាសន៍ថា អាស៊ាន គឺជាដៃគូយុទ្ធសាស្ត្ររបស់អូស្ត្រាលី ដែលពាណិជ្ជកម្មវិនិយោគរវាងអាស៊ាន និងអូស្ត្រាលីមានទំហំធំ និងកាន់តែកើនឡើង ។
លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី ក៏បានឆ្លៀតឱកាសនេះផ្សព្វផ្សាយពីគោលនយោបាយរបស់អូស្ត្រាលី មកកាន់តំបន់អាស៊ានទិសដៅឆ្នាំ២០៤០ ពាក់ព័ន្ធទៅលើថាមពលបៃតង ជាដើម ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធដែលបានចូលរួមក្នុងពិធីនេះ ក្នុងន័យចូលរួមចំណែកក្នុងការកសាង និងជំរុញទំនាក់ទំនងរវាងអាស៊ានផង និងនៅក្នុងក្របខ័ណ្ឌអាស៊ានជាមួយអូស្រ្តាលីផងដែរ។
គួរជម្រាបថា កន្លងទៅគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានតែងតែពិភាក្សាការងារជាមួយក្រុមហ៊ុន និងសហគ្រាសមួយក្នុងប្រទេសអូស្ត្រាលី និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពធុរកិច្ច និងវិនិយោគ និងពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវិស័យឯកជនប្រទេសទាំងពីរ។
សូមរំលឹកថា កាលពីដើមឆ្នាំ២០២៤ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏ធ្លាប់បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អូស្ត្រាលីដល់ដំណើរការសន្តិភាពនៅកម្ពុជា និងការគាំទ្រដល់ការស្តារ និងអភិវឌ្ឍន៍កម្ពុជាលើវិស័យជាច្រើន ដូចជាកសិកម្ម អប់រំ សកម្មភាពមីន។ល។ និងស្វាគមន៍ការប្រកាសដាក់ចេញ នូវយុទ្ធសាស្ត្រសេដ្ឋកិច្ចអូស្ត្រាលី សម្រាប់អាស៊ីអាគ្នេយ៍ឆ្ពោះទៅឆ្នាំ២០៤០។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរធ្វើការជាមួយគ្នាកាន់តែសកម្មដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ លើកទឹកចិត្តឱ្យសាកលវិទ្យាល័យនៃប្រទេស ទាំងពីរសហការគ្នាលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកកសិកម្ម និងវិទ្យាសាស្ត្រ ព្រមទាំងជំរុញឱ្យ មានកិច្ចសហប្រតិបត្តិការផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការងារ។
ពេលនោះនាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់លើទំនាក់ទំនងគ្រប់វិស័យជាមួយ តំបន់អាស៊ីអាគ្នេយ៍និយាយជារួម និងជាមួយកម្ពុជា និយាយដោយឡែក ហើយបានយល់ស្របថា មានវិស័យជាច្រើនដែលកម្ពុជា និងអូស្ត្រាលីអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន ជាអាទិ៍ អូស្ត្រាលីមានបទពិសោធន៍ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និងជំនាញផ្នែកវិទ្យាសាស្ត្រ រីឯកម្ពុជាមានកាលានុវត្តភាពវិស័យទេសចរណ៍។
ថ្នាក់ដឹកនាំទាំងពីរ បានអបអរសាទរចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដោយរដ្ឋមន្ត្រីការបរទេសនៃ ប្រទេសទាំងពីរ នៅថ្ងៃទី៥ ខែមីនា នេះដែរ ដែលនឹងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។
សូមបញ្ជាក់ថា អូស្ត្រាលី គឺជាដៃគូគាំទ្រអាស៊ានដ៏រឹងមាំ ធន់ និងស្អិតរមួតមួយ។ អូស្ត្រាលី បានក្លាយជាដៃគូសន្ទនាដំបូងគេបង្អស់របស់អាស៊ាន ក្នុងឆ្នាំ១៩៧៤៕