(វៀងចន្ទន៍, ឡាវ)៖ ថ្លែងទៅកាន់បណ្តាធុរជនអន្តរជាតិ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបានបង្ហាញអំពីផែនការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្ពុជា ក្នុងរយៈពេល១០ឆ្នាំទៅមុខ (ឆ្នាំ២០២៣-២០៣៣) ដែលមានចំនួន១៧៤ ក្នុងតម្លៃវិនិយោគប្រមាណ ៣៦.៦៨ប៊ីលានដុល្លារអាមេរិក ដើម្បីទាក់ទាញវិនិយោគិនអន្តរជាតិបន្ថែមទៀត។
នាឱកាសថ្លែងសន្ទរកថា ក្នុងកម្មវិធីអាហារពេលព្រឹកស្វែងរកដៃគូ នៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផែនការនេះ បានបង្ហាញពីកាលានុវត្តភាពដ៏ពិសេស និងគ្មានដែនកំណត់សម្រាប់វិនិយោគិនក្នុងតំបន់ និងអន្តរជាតិ ជាពិសេសការពិចារណាទៅលើការអភិវឌ្ឍតាមយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជន (PPP)។
សម្តេចមានប្រសាសន៍ផងដែរថា កម្ពុជាតែងតែប្រកាន់ភ្ជាប់ជានិច្ចនូវអភិក្រមធុរកិច្ច ដែលមិនមានការរើសអើង និងឈរលើមូលដ្ឋាន «អ្នកមកមុន បានមុន» ដោយមិនគិតពីប្រភពដើមនៃការវិនិយោគនោះឡើយ ដរាបណាពួកគេមានឆន្ទៈពិតប្រាកដ ក្នុងការកសារទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងអាចគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍដោយចីរភាព។
យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ បានឱ្យដឹងថា ផែនការមេនេះ មានគោលដៅធំ៤ រួមមាន៖ (១) ពង្រីក និងធ្វើឱ្យកាន់តែប្រសើរឡើងនូវវិសាលភាពគ្របដណ្តប់ និងសមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, (២) ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃសេវានិងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, (៣) ជំរុញ និងលើក កម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំដៅគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ និង (៤) ពង្រឹងប្រសិទ្ធភាពសេវា និងចំណាយឡូជីស្ទិក។
ផែនការមេកំណត់បាននូវគម្រោងអាទិភាពចំនួន១៧៤ ក្នុងនោះគម្រោងផ្លូវថ្នល់មានចំនួន៩៤ គម្រោងផ្លូវ ដែកមានចំនួន៨ គម្រោងដឹកជញ្ជូនតាមផ្លូវទន្លេមានចំនួន២៣ គម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រមានចំនួន២០ គម្រោងផ្លូវអាកាសមានចំនួន១០ គម្រោងប្រព័ន្ធឡូជីស្ទីកមានចំនួន១៥ និងគម្រោងបន្ថែមផ្សេងៗមានចំនួន៤។ គម្រោងទាំងនោះ រួមបញ្ចូលនូវគម្រោងតភ្ជាប់ពីមធ្យោបាយដឹកជញ្ជូនមួយទៅមធ្យោបាយដឹកជញ្ជូនផ្សេងទៀត និងទៅកាន់មណ្ឌលឡូជីស្ទីក ព្រមទាំងបែងចែកជារយៈពេលខ្លី និងមធ្យមចំនួន៩០គម្រោង និងរយៈពេលវែងចំនួន ៩១គម្រោង។
តាមការប៉ាន់ស្មានគម្រោងទាំងនេះ តម្រូវការហិរញ្ញប្បទានសរុបប្រមាណ ៣៦ ៦៧៩លានដុល្លារអាម៉េរិក ដែលក្នុងនោះ តម្រូវការក្នុងរយៈពេលខ្លី និងមធ្យម ពីឆ្នាំ២០២៣ ដល់ ២០២៧ មានប្រមាណ ១៩,៩២៦លានដុល្លារអាម៉េរិក ស្មើនឹង ៣,៩៨៥លានដុល្លារអាម៉េរិក ជាមធ្យមប្រចាំឆ្នាំ៕