(ប៉េកាំង)៖ កាលពីថ្ងៃទី១០ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក្នុងអំឡុងកិច្ចប្រជុំកំពូល ស្តីពីសហប្រតិបត្តិការអាស៊ីបូព៌ា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
លោក Li Qiang បានលើកឡើងថា ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសកម្ពុជា ដើម្បីពន្លឿនការតភ្ជាប់រវាងការរួមគ្នា កសាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" និង "យុទ្ធសាស្ត្របញ្ចកោណ" របស់កម្ពុជាដោយផ្សារភ្ជាប់ ជាមួយតម្រូវការនៃការអភិវឌ្ឍ និងរួមគ្នាអនុវត្តទម្រង់ថ្មី នៃផែនការសកម្មភាពស្តីពីសហគមន៍រួមវាសនាចិន-កម្ពុជា ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ។ ប្រទេសចិនលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនកាន់តែច្រើន ទៅបណ្តាក់ទុន និងធ្វើអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ហើយរីករាយនាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់បន្ថែមទៀតពីកម្ពុជា។ ប្រទេសចិនមានឆន្ទៈពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយកម្ពុជា ដើម្បីគាំពារផលប្រយោជន៍ ជាយុទ្ធសាស្ត្ររួម។
ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានថ្លែងថា ប្រទេសកម្ពុជាប្រកាន់ខ្ជាប់យ៉ាងមុតមាំ នូវគោលនយោបាយមេត្រីភាពជាមួយប្រទេសចិន និងប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ចិនតែមួយ។ ប្រទេសកម្ពុជាមានឆន្ទៈរួម ជាមួយប្រទេសចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ថាមពល ការវិនិយោគ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ទេសចរណ៍ និងវិស័យផ្សេងៗទៀត ព្រមទាំងពង្រឹង កិច្ចសហប្រតិបត្តិការខាងការអនុវត្តច្បាប់និងសន្តិសុខ រួមគ្នាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដូចជាល្បែងស៊ីសងតាមអនឡាញ និងបទល្មើសឆបោក តាមប្រព័ន្ធទូរគមនាគមន៍ជាដើម ដើម្បីរួមគ្នាជំរុញការកសាងសហគមន៍រួមវាសនារវាងកម្ពុជា និងចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន