(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលរយៈពេល៩ខៃ ឆ្នាំ២០២៤នេះ នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងាររយៈពេល៩ខែ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលត្រូវបានប្រកាសដាក់ចេញកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ និងសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជនអំពីលទ្ធផលសំខាន់ៗនៃការអនុវត្តយុទ្ធនាការទាំង ២ ខាងលើសម្រាប់រយៈពេល ៩ខែ ដូចខាងក្រោម៖
*ទី១៖ ក្នុងរយៈពេល ៩ខែកន្លងទៅ សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស បានចាត់ការសំណុំរឿងទាំងអស់ ទាំងសំណុំរឿងព្រហ្មទណ្ឌ ទាំងសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងដទៃទៀត បានសរុបចំនួន ១៣២,៨០៥សំណុំរឿង ស្មើនឹង ៧៣,៥១% នៃសំណុំរឿងទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៨០,៦៦១សំណុំរឿង ក្នុងនោះមានទាំងសំណុំរឿងដែលមានមុនពេលប្រកាសដាក់ចេញយុទ្ធនាការ និងសំណុំរឿងដែលចូលថ្មីក្រោយពេលប្រកាសដាក់ចេញយុទ្ធនាការ។
ទន្ទឹមនេះសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស បានដោះស្រាយវិវាទជូនប្រជាពលរដ្ឋ តាមរយៈការសម្រុះសម្រួលផ្សះផ្សា បានចំនួន ២៧៤ករណី។ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានខាងលើ ដែលនេះគឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ក្នុងការដោះស្រាយរឿងក្ដីឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ។
*ទី២៖ ក្នុងរយៈពេល ៩ខែកន្លងទៅគិតចាប់តាំងពីពេលគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានប្រកាសទទួលបណ្ដឹងអំពីភាពមិនប្រក្រតីនៃចំណាត់ការសំណុំរឿងរបស់តុលាការ, ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងមកកាន់លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ សរុបចំនួន ១,៩៥០បណ្ដឹង ប៉ុន្តែ ម្ចាស់ពាក្យបយកម្មជាបានដកពាក្យបណ្ដឹងរបស់ខ្លួនវិញ ចំនួន ២៣បណ្តឹង ដូច្នេះបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលគណៈបញ្ហាការដឹកនាំយុទ្ធនាការ ត្រូវចាត់ការមានចំនួនសរុប១,៩២៧បណ្តឹង៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌៖