(ភ្នំពេញ)៖ មហាវិទ្យាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន ជាកម្មវិធីឧត្តមសិក្សាថ្មីនៅកម្ពុជា រួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពង្រីកការអប់រំដល់និស្សិត ស្របតាមសេចក្ដីត្រូវការរបស់ទីផ្សារការងារ ឆ្លើយតបនឹងបរិវត្តកម្មឧស្សាហកម្ម និងការរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
ពិធីបើកសម្ពោធមហាវិទ្យាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន ប្រារព្ធឡើងនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ក្រោមអធិបតីភាពលោក សឹង រេត អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ជូន រតនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា មហាវិទ្យាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន អប់រំបណ្ដុះបណ្ដាលលើមុខជំនាញ៖ ១-ពាណិជ្ជកម្មអេឡិចត្រនិក (e-Commerce) ២-ការគ្រប់គ្រងភស្តុភារកម្ម (Logistics Management) ៣-អ៉ីនធើរណិតនៃវត្ថុ (Internet of Things) ព្រមទាំងជំនាញផ្សេងៗទៀតដែលជាសេចក្ដីត្រូវការសម្រាប់ទីផ្សារនៅកម្ពុជា និងជំនាញឆ្លើយតបទៅនឹងតម្រូវការ នៃបរិវត្តកម្មឧស្សាហកម្ម និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
លោកបន្តថា ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ នៅឆ្នាំទី១ សិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រទេសកម្ពុជា ហើយឆ្នាំទី២ និងឆ្នាំទី៣ និស្សិតត្រូវបន្តការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា ពាណិជ្ជកម្ម និងសេដ្ឋកិច្ចខេត្តជាំងស៊ូ ប្រទេសចិន លុះដល់ឆ្នាំទី៤ ត្រូវត្រឡប់មកសិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុវិញ។
ក្រោយពេលបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានសញ្ញាបត្រចំនួនពីរ ដោយមួយទទួលបានពីវិទ្យាស្ថានបច្ចេកវិទ្យា ពាណិជ្ជកម្ម និងសេដ្ឋកិច្ចខេត្តជាំងស៊ូ (Diploma Degree) និងមួយទៀតទទួលបានពីសាកលវិទ្យាល័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Bachelor Degree) ជាមួយនឹងការជួយជ្រោមជ្រែងពីគ្រប់ភាគីក្នុងការជួយឱ្យនិស្សិតទទួលបានការងារ ទាំងនៅប្រទេសកម្ពុជា ប្រទេសចិន និងប្រទេសនានាជាដៃគូ។
លោកស្រី វ័ង ជឺហ្វឹង (Wang Jifeng) នាយិកាវិទ្យាស្ថានបច្ចេកវិទ្យា ពាណិជ្ជកម្ម និងសេដ្ឋកិច្ចខេត្តជាំងស៊ូ បានឱ្យដឹងថា វិទ្យាស្ថាននេះបានបើកដំណើរការតាំងពីឆ្នាំ១៩៥២មកម្ល៉េះ ដែលបានអប់រំលើមុខជំនាញផ្នែកពាណិជ្ជកម្ម ដោយឯករាជ្យ នៅខេត្តជាំងស៊ូមុនគេបង្អស់ បន្ទាប់ពីការស្ថាបនាសាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្ន វិទ្យាស្ថានមាននិស្សិតសិក្សាពេញម៉ោងប្រមាណ១៥,០០០នាក់ ជាមួយនឹងបុគ្គលិកប្រមាណ១,០០០នាក់។
ទន្ទឹងនឹងនោះ លោក អ៊ូ ជិងកឹន (Wu Jingen) ប្រធានសមាគមសហគ្រិនចិនខេត្តជាំងស៊ូប្រចាំកម្ពុជា បានចាត់ទុកមហាវិទ្យាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការស៉ីជម្រៅរវាងកម្ពុជានិងចិន ក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ថែមទាំងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការ នាពេលអនាគតផងដែរ។
លោកប្រធាន អ៊ូ ជិងកឹន បានបង្ហាញការជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរបស់មហាវិទ្យាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន នឹងចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយចក្ខុវិស័យត្រឹមត្រូវ និងចំណេះជំនាញកាន់តែច្រើនឡើងៗ ដើម្បីចូលរួមជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
នាឱកាសនោះដែរ លោក សឹង រេត អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជានិងភាគីចិន ក្នុងការសម្រេចបាននូវការបង្កើតមហាវិទ្យាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិននេះ ដែលនឹងរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាប្រកបដោយមូលធនមនុស្ស។
លោកអនុរដ្ឋលេខាធិការបានលើកទឹកចិត្តដល់មហាវិទ្យាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន គប្បីមានកិច្ចសហប្រតិបត្តិការឱ្យបានច្រើនរវាងកម្ពុជានិងចិន ពិសេសលើការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត សាស្ត្រាចារ្យ ការរៀបចំឱ្យមានទស្សនកិច្ចសិក្សាទៅវិញទៅមក ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែង និងនវានុវត្តន៍ពីគ្នាទៅវិញទៅមក សំដៅបង្កើនគុណភាពនៃការបណ្ដុះបណ្ដាល និងការសិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ។
គួរជម្រាបថា ក៏មានការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយវិទ្យាស្ថានពាណិជ្ជកម្មខេត្តជាំងស៊ូ មានរយៈពេល៥ឆ្នាំ ដែលត្រូវបានចុះហត្ថលេខាដោយភាគីកម្ពុជា តំណាងដោយសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (នៃក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ) រីឯភាគីចិន តំណាងដោយវិទ្យាស្ថានបច្ចេកវិទ្យា ពាណិជ្ជកម្ម និងសេដ្ឋកិច្ចខេត្តជាំងស៊ូ និងក្រុមហ៊ុន Nanjing Yunkai Data Technology Co.,Ltd ដើម្បីរួមគ្នាអនុវត្តកម្មវិធីអប់រំបណ្ដុះបណ្ដាលដល់និស្សិតនៃមហាវិទ្យាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន៕