(កំពត)៖ លោកស្រី កុយ សុដានី រដ្ឋមន្រ្តីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «គោលការណ៍ណែនាំ ស្តីពីការរៀបចំថវិកាសមិទ្ធកម្ម សិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិការបស់អង្គភាពថវិកា» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង គ្រូឧទ្ទេសជាមន្រ្តីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសិក្ខាកាមមកពីគ្រប់អង្គភាពថវិកា រដ្ឋបាលកណ្តាល និងមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី ខេត្ត សរុបប្រមាណ១៦០រូប។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្តល់ជាមូលដ្ឋាននូវចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងការរៀបចំថវិកាសមិទ្ធកម្ម និងសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកា ជូនដល់មន្ត្រីជំនាញនៃគ្រប់អង្គភាពថវិកា ដែលស្ថិតក្រោមអាណាប័កក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធានាប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តថវិការបស់អង្គភាពថវិកាទាំងអស់។
សូមជម្រាបជូនថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងចូលរួមអនុវត្តយ៉ាងសកម្មស្របតាមចក្ខុវិស័យយុទ្ធសាស្ត្រ និងផែនការសកម្មភាពរួមនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ហើយការរៀបចំសិក្ខាសាលានៅថ្ងៃនេះ បានផ្តល់ជាចំណេះដឹងបន្ថែមដល់សិក្ខាកាមជាមន្ត្រីបង្គោលទាំងអស់នៃគ្រប់អង្គភាពថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូន យកទៅបំពេញបន្ថែមលើការអនុវត្តការងារគាំទ្រ ដល់ការគ្រប់គ្រង និង អនុវត្តថវិកា ដើម្បីត្រៀមលក្ខណៈជំរុញឱ្យអង្គភាពថវិកាទាំងអស់ក្លាយទៅជាអាណាប័កផ្ទេរសិទ្ធិជាបន្តបន្ទាប់ក្នុងពេលខាងមុខនេះ៕