(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Katsuhiro SHINOHARA ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។
ជាកិច្ចចាប់ផ្តើមសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយក្នុងការទទួលជួបលោក កាត់ស៊ូហ៊ីរ៉ូ ស៊ីណូហារ៉ា ដែលបានធ្លាប់ធ្វើការជាមួយគ្នាជាច្រើនឆ្នាំ ហើយជាមិត្តភ័ក្តិចាស់មួយរូប។
លោក SHINOHARA បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងបានអបអរសាទរសម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ លោកបានបញ្ជាក់ថា ជំនួបថ្ងៃនេះគឺជាឱកាសសម្រាប់លោកថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងជម្រាបលាទៅកាន់ប្រទេសជប៉ុនវិញ ដោយលោកនឹងត្រូវចូលនិវត្តន៍។
លោក SHINOHARA បានលើកឡើងថា លោកបានមកបំពេញការងារការទូតចំនួន៤លើកផ្សេងៗគ្នានៅប្រទេសកម្ពុជា ដោយលើកដំបូង នៅឆ្នាំ១៩៦៧ ក្នុងពេលដែលប្រទេសកម្ពុជាស្ថិតក្នុងសង្គ្រាមនៅឡើយ បន្ទាប់មកក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១-១៩៩៣ និងនៅឆ្នាំ២០០១ លោកគឺជាទីប្រឹក្សានៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងចុងក្រោយជាឯកអគ្គរាជទូតរបស់ប្រទេសជប៉ុនប្រចាំកម្ពុជានៅឆ្នាំ២០០៧។
លោក SHINOHARA ក៏បានរំលឹកពីជំនួបលើកទី១ ជាមួយសម្តេចនៅប្រទេសបារាំងនៅឆ្នាំ១៩៨៩ និងបានសម្តែងការកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះសម្តេចដែលអាចធ្វើការសម្រេចចិត្តភ្លាមៗ ច្បាស់លាស់ និងត្រឹមត្រូវ។ ប្រមាណ១៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីចប់អាណត្តិបេសកកម្មជាឯកអគ្គរដ្ឋទូតនៅឆ្នាំ២០០៩ លោកបានក្លាយជាតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា។ លោកមានសេចក្តីរីករាយដែលបានបន្តកិច្ចការនៅប្រទេសកម្ពុជា និងបានប្តេជ្ញាចិត្តក្នុងការស្តារវិស័យអប់រំនិងពង្រឹងគុណភាពអប់រំនៅ កម្ពុជា តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ និងតាមរយៈជំនួយរបស់ប្រទេសជប៉ុន។
តាមរយៈវត្តមានរបស់លោកជាច្រើនឆ្នាំនៅកម្ពុជា លោក SHINOHARA បានបញ្ជាក់ថា លោកបានមើលឃើញនូវការរីកលូតលាស់យ៉ាងខ្លាំងក្លារបស់កម្ពុជាជាបន្តបន្ទាប់។ ក្រោយពីត្រឡប់ទៅប្រទេសជប៉ុនវិញ លោកនឹងរីករាយប្រាប់អំពីប្រទេសកម្ពុជា ដល់ប្រជាជនជប៉ុនដែលចាប់អារម្មណ៍ពីកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ប្រហែលជាមានមនុស្សមិនច្រើនទេដែលបានឆ្លងកាត់ និងជាសក្ខីភាពនៃដំណាក់កាលជាច្រើនរបស់កម្ពុជា ហើយលោក SHINOHARA គឺជាសាក្សីរស់មួយរូបសម្រាប់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីស្ថានភាពនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨០មក និងស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺមានសភាពខុសគ្នាខ្លាំង ដែលបច្ចុប្បន្នកម្ពុជាបានដើរចម្ងាយឆ្ងាយជាងមុនច្រើន និងមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចខ្ពស់ ការកាត់បន្ថយភាពក្រីក្រ ការផ្គត់ផ្គង់ទឹកស្អាត ការកើនឡើងនៃការប្រើប្រាស់អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ផលិតផលកសិកម្មដូចជា ស្រូវ ស្វាយចន្ទី ...។ល។
ពាក់ព័ន្ធនឹងវិស័យអប់រំ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំបន្ថែមឱ្យបន្តកិច្ចសហការជាមួយក្រសួងអប់រំ និងស្ថាប័ននានា ដើម្បីអាចជំរុញគុណភាពអប់រំនៅកម្ពុជាបន្តទៀតឱ្យកាន់តែមានភាពប្រកួតប្រជែង ដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ សម្តេចបានបន្តថា យើងត្រូវការធនធានមនុស្សដែលមានជំនាញដើម្បីអាចទាក់ទាញការវិនិយោគបន្ថែមទៀត ដូចនេះកម្ពុជាបានដាក់ចេញនូវគោលនយោបាយក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ប្រជាជនក្រីក្រប្រមាណ ១លាន៥សែននាក់។
សម្តេចតេជោ បានកត់សម្គាល់ថា ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ពុំធ្លាប់ទទួលបាននូវសុខសន្តិភាពណាយូរជាងពេលនេះនោះទេ។ ឆ្នាំនេះជាខួបទី២៦ នៃសន្តិភាពទាំងស្រុង និងពេញលេញនៅកម្ពុជា ដែលគ្មានការបែងចែកទឹកដី គ្មានការបែងចែកកម្លាំងប្រដាប់អាវុធ ក៏ប៉ុន្តែមានគណបក្សនយោបាយផ្សេងៗ។ ចាប់តាំងពីឆ្នាំ១៩៩៨មក រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានស្ថិតនៅក្នុងសុខសន្តិភាព ស្ថិរភាព មានការឯកភាពជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ កងទ័ពតែមួយ ព្រះមហាក្សត្រតែមួយ។
សម្ដេចតេជោ ក៏បានជម្រាបជូនលោក SHINOHARA ពីការលះបង់របស់សម្ដេចក្នុងការផ្ទេរអំណាចទៅដល់អ្នកបន្តវេនជំនាន់ក្រោយ ដែលជាការប្តូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរយៈពេលយូរអង្វែង។ សម្ដេចតេជោ បន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលថ្មី សម្រេចបានលទ្ធផលដ៏ល្អប្រសើរ ជាងការរំពឹងទុក និងកំពុងបន្តឆ្ពោះទៅមុខដោយភាពជឿជាក់ ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍។
សម្តេចតេជោ ហ៊ុន សែន និងលោក SHINOHARA ក៏បានពិភាក្សាគ្នាផងដែរអំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនៅប្រទេសជប៉ុន ហើយបានឯកភាពគ្នាអំពីសង្គតិភាពរបស់គោលនយោបាយការបរទេសជប៉ុនចំពោះកម្ពុជា។ លោកបានកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់របស់សម្តេចក្នុងការ ជំរុញសន្តិភាពនៅក្នុងតំបន់និងជុំវិញពិភពលោក។
ជាចុងក្រោយ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានជូនពរ លោក Katsuhiro SHINOHARA សូមសមប្រកបដោយជោគជ័យគ្រប់ភារកិច្ចនៅពេលខាងមុខ៕