(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្រេចយកថ្ងៃទី១-២ ខែវិឆ្ឆិកា ឆ្នាំ២០២៤ខាងមុខ សម្រាប់រៀបចំការប្រណាំងទូកនៅក្នុងខេត្តតាកែវ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយគណៈកម្មការ និងអនុគណៈកម្មការនានា របស់ខេត្តសម្រាប់រៀបចំការប្រណាំងទូកនៅខេត្តតាកែវ នៅរសៀលថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ អភិបាលខេត្តតាកែវ បានលើកឡើងថា «កន្លងមកអាជ្ញាធខេត្ត បានចេញសេចក្ដីសម្រេចយកថ្ងៃទី២ និងទី៣ ខែវិឆ្ឆិកា សម្រាប់រៀបចំពិធីប្រណាំងទូកដើម្បីបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋបានសប្បាយ ក៏ប៉ុន្តែដោយសារថ្ងៃទី៣ ខែវិឆ្ឆិកា ចំថ្ងៃសូត្រមន្ត នៅស្នាក់ការគណបក្សប្រជាជនរាជធានីភ្នំពេញ «គ៨៥» ដើម្បីដង្ហែអង្គកឋិនទានកាន់វត្តខ្មែរក្រោម នៅប្រទេសវៀតណាម ហើយដោយខេត្តតាកែវ ស្ថិតក្នុងគណៈកម្មាធិការរៀបចំដង្ហែអង្គកឋិនទាននេះ ដូច្នោះយើងសម្រេចយកថ្ងៃទី១ និងទី២ខែវិឆ្ឆិកាវិញ»។
នៅក្នុងកិច្ចប្រជុំនេះលោក វ៉ី សំណាង បានណែនាំដល់ដល់គណៈកម្មាធិការ អនុគណៈកម្មាធិការ និងមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យការរៀបចំការប្រណាំងទូកនៅក្នុងខេត្តតាកែវ ទទួលបានជោគជ័យ ហើយរក្សាឱ្យបាននៅអនាម័យបរិស្ថានជាពិសេសកងកម្លាំងសមត្ថកិច្ចត្រូវរៀបចំសណ្ដាប់ធ្នាប់និងធានាសន្តិសុខឱ្យបានល្អប្រសើរ។
ឆ្លៀតនៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៏បានណែនាំដល់ប្រធានមន្ទីរសង្គមកិច្ច សហការជាមួយអាជ្ញាធពាក់ព័ន្ធត្រូវពិនិត្យមើលករណីយអ្នកសុំទាន ដែលចូលមកសុំទាននៅក្នុងពិធីប្រណាំងទូក ដោយមិនត្រូវឱ្យមានករណីយនេះកើតមាននៅក្នុងពិធីនេះទេ៕