(ភ្នំពេញ)៖ ក្នុងកាយវិការពង្រឹងការររឹតចំណងរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា លោក Benjamin Cerletti អគ្គនាយកក្រុមហ៊ុន JTI ប្រចាំនៅកម្ពុជា មានកិត្តិយសបានជំនួបសម្តែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅឯទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោកអគ្គនាយក Benjamin Cerletti បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន JTI នៅកម្ពុជាក្នុងការចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើននៅកម្ពុជា។
លោកបានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបរិយាកាសធុរកិច្ចដ៏អំណោយផល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាងនេះទៅទៀតលោកក៏បានកោតសរសើរកិច្ចប្រជុំប្រចាំឆ្នាំទ្វេរភាគី វិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាធុរកិច្ច និងលើកស្ទួយជំរុញការវិនិយោគជប៉ុន នៅកម្ពុជា ក្រោមការចូលរួមជ្រោមជ្រែងពីបណ្តាស្ថាប័នរដ្ឋ និងភ្នាក់ងារអនុវត្តច្បាប់ទាំងឡាយនៅកម្ពុជា។
ប្រធានបទសំខាន់នៃកិច្ចពិភាក្សា គឺតួនាទីក្រុមហ៊ុន JTI ក្នុងការចូលរួមការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងកិច្ចពិភាក្សា ក្រុមហ៊ុន JTI ក៏បានលើកឡើងពីការប្រយុទ្ធប្រឆាំងនៃការកើនឡើងពាណិជ្ជកម្មបារីខុសច្បាប់ ក្នុងន័យទប់ស្កាត់ និងកាត់បន្ថយជាអប្បរមា ដើម្បីបង្កើនចំណូលសារពើពន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងលើកស្ទួនីតិរដ្ឋ។
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន និងបានលើកឡើងថា វិធីដ៏មានប្រសិទិ្ធភាព ដើម្បីដោះស្រាយបញ្ហានេះ គឺត្រូវលើកទៅក្រុមការងារទទួលបន្ទុក ដើម្បីអនុញ្ញាតឲ្យមានការពិភាក្សា នៅកិច្ចប្រជុំទ្វេរភាគី វិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន នៅឆ្នាំ២០២៥។
ជំនួបសម្តែងការគួរសមនេះ បានគូសបញ្ជាក់ពីទំនាក់ទំនងរីកចម្រើនរវាងសហគមន៍ធុរកិច្ច និងមន្ត្រីរាជរដ្ឋាភិបាល ដែលឆ្លុះបញ្ចាំងពីការចែករំលែកទស្សនវិស័យ សម្រាប់ការអភិវឌ្ឍ និងស្ថេរភាពសេដ្ឋកិច្ច។ ដោយសារតែប្រទេសកម្ពុជាបន្តទាក់ទាញវិនិយោគអន្តរជាតិ កិច្ចទំនាក់ទំនងបែបនេះបង្ហាញពីតួនាទីចាំបាច់ ដែលក្រុមហ៊ុនថ្នាក់សកលលោកដើរតួនាទីក្នុងការគាំទ្រដំណើរវិឌ្ឍន៍ថ្នាក់ជាតិ និងភាពរីកចម្រើននៃបទបញ្ញត្តិច្បាប់៕