(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ដើម្បីសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ។
នៅក្នុងជំនួបនេះ លោក ញ៉ែម សំអឿន បានអរគុណចំពោះលោក អ៊ូអិណុ អាត់ស៊ូស៊ី ដែលបានឆ្លៀតពេលវេលាអញ្ជើញមកសិក្សាស្វែងយល់ពីស្ថានភាពទូទៅ អំពីសក្ដានុពល និងការអភិវឌ្ឍខេត្ត ការពង្រឹងចំណងកិច្ចសហ ប្រតិបត្តិការ រវាងប្រទេសជប៉ុន និងខេត្តរតនគិរី។ លោកបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តរូបលោកបានស្នើឲ្យអ្នកវិនិយោគជប៉ុនមកសិក្សាជាក់ស្តែងដើម្បីពិនិត្យលទ្ធភាពវិនិយោគនៅខេត្តរតនគិរី។
ជាមួយគ្នានេះ ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត ដែលផ្តល់ឱកាសឱ្យគណៈប្រតិភូទូតជប៉ុន បានចូលជួប និងពិភាក្សាការងារនៅថ្ងៃនេះ និងសូមកោតសរសើរចំពោះការរីកចម្រើនលើគ្រប់ វិស័យដែលខេត្តរតនគិរី សម្រេចបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមគាំទ្រចំពោះមតិលើកឡើងសមិទ្ធផលធំៗជាច្រើនទៀត ដែលរដ្ឋបាលខេត្តសម្រេចបាន៕