(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដ បានរៀបចំវេទិកាស្តីពីអាជីពការងារក្នុងវិស័យធនាគារ ឆ្នាំ២០២៤ និងការរៀបចំការតាំងពិព័រណ៍ការងារដែលមានការចូលពីបណ្តាធនាគារ និងក្រុមហ៊ុនផ្សេងៗចំនួន២២។
វេទិកានេះបានរៀបចំឡើង នាថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ ដែលរួមមាន និងអ្នកជំនាញ មកពីបណ្តាធនាគារ និង អ្នកតំណាងមកពីធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ធនាគារវីង ធនាគារមេយប៊ែង ស្ថាប័នក្រុមហ៊ុនជាតិ អន្តរជាតិ និងសិស្សនិស្សិតប្រមាណ ៣០០នាក់។
លោក ខេស៊ី បាណេត នាយកនៃវិទ្យាស្ថានខេមអេដ បានថ្លែងទៅកាន់វេទិកាទាំងមូលថា ប្រព័ន្ធធនាគារនៅប្រទេសកម្ពុជាពិតជាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសនៅមុនកំឡុងវិបត្តិកូវីដ១៩ ដែលប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រហែល៧% ដែលនេះគឺជាកំណើនមួយដែលលឿនបំផុតក្នុងពិភពលោក។ លោកបានកោតសសើរចំពោះ ធនាគារជាតិ នៃកម្ពុជា ទៅលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រព័ន្ធធនាគារ និងសមត្ថភាពក្នុងការគ្រប់គ្រង អត្រាអតិផរណាឲ្យស្ថិតនៅកម្រិតប្រែប្រួលតិច។
លោក អ៊ុក សារ៉ាត់ អគ្គនាយករងប្រតិបត្តិការ និងជាប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃធនាគារជាតិនៃកម្ពុជា ក៏បានលើកឡើងអំពីការអភិវឌ្ឍប្រព័ន្ធឌីជីថល និងនិន្នាការដែលកំពុងកើនឡើងនៅក្នុងវិស័យធនាគារ។
លោកបន្តថា ធនាគារជាតិនៃកម្ពុជា បានបង្កើតឱ្យមានប្រព័ន្ធឌីជីថលទូទាត់រួមមួយ ដែលហៅថា បាគង ដើម្បីកាត់បន្ថយការចំណាយនៅពេលទូទាត់ឆ្លងធនាគារ និងបង្កើនភាពងាយស្រួយដល់អ្នកប្រើប្រាស់ និងរហ័សជាងមុន។ លើសពីនេះទៅទៀត ធនាគារជាតិនៃកម្ពុជា បានតភ្ជាប់ប្រព័ន្ធឌីជីថល បាគង ទៅកាន់ប្រទេសផ្សេងៗ តាមលក្ខណៈឯកតោភាគី និងពហុភាគីជាមួយនឹង ប្រទេសដូចជា ថៃ ឡាវ ម៉ាឡេស៊ី និងវៀតណាម និងប្រព័ន្ធទូទាត់ Union Pay និង Alipay របស់ប្រទេសចិន។
ក្នុងវេទិកានេះ វាគ្មិនបួនរូបទៀតដែលអញ្ជើញមកពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ធនាគារវីង ធនាគារមេយប៊ែង ក៏បានចែករំលែកពីបទពីសោធន៍ និងតួនាទីទំនួលខុសត្រូវរបស់ប្រធានផ្នែកហិរញ្ញវត្ថុនៅក្នុងការរក្សាស្ថិរភាពធនាគារ សវនកម្មផ្ទៃក្នុង ការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យរបស់ធនាគារផងដែរ៕