(មណ្ឌលគិរី)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ។
ការថ្លែងបែបនេះរបស់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋស្ថិតនៅភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញមកដោយផ្ទាល់ដើម្បីថ្លែងអំណរគុណដល់ពុកម៉ែបងប្អូននៅស្រុកកោះញែក ដែលបានចូលរួមក្នុងការងារចុះបញ្ជីដីបង្ហើយ ដើម្បីទទួលបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់កម្មសិទ្ធិស្របច្បាប់។
នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ, មេភូមិ, មេឃុំ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានបំពេញបេសកកម្មដ៏វិសេសវិសាលថ្លៃថ្លា ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តមណ្ឌលគិរី រហូតសម្រេចបាននូវការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូននាពេលនេះ។
លោក បានគូសបញ្ជាក់ថា «ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ»។
លើសពីនេះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ការងារចាំបាច់បន្តទៀត សូមចូលរួមគិតគូររៀបចំប្លង់គោលសម្រាប់ខេត្ត ដោយរៀបចំដីសម្រាប់កសិកម្ម លំនៅឋាន សួនច្បារ ព្រំប្រទល់ភូមិជាដើម ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងជៀសវាងបញ្ហាទៅមុខទៀត៕