(ភ្នំពេញ)៖ កម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល បានដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងបង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពដំណាក់កាលទី២ និងពិធីអបអរសាទរទិវាសុខភាពភ្នែកពិភពលោកឆ្នាំ២០២៤ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ ក្រោមអធិបតីលោកវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការ និងជាតំណាងលោកសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល។
ក្នុងពិធីនេះដែរ លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក បានឱ្យដឹងថា ការរៀបចំសិក្ខាសាលានៅថ្ងៃនេះឡើង គឺក្រៅពីដើម្បីដាក់ឱ្យអនុវត្តជាផ្លូវការ នូវគម្រោងបង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពដំណាក់កាលទី២ និងចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោកឆ្នាំ២០២៤ ក៏ដើម្បីដាក់ឱ្យប្រើប្រាស់គោលការណែនាំ ស្ដីពីការកែលម្អគុណភាពវះកាត់បាយភ្នែកនៅកម្ពុជា ដាក់ឱ្យប្រើប្រាស់គេហទំព័រកម្មវិធីជាតិសុខភាពភ្នែក និងកម្មវិធីឌីជីថលអប់រំសុខភាពភ្នែក (Digital content) រួមទាំងដាក់ឱ្យប្រើប្រាស់បច្ចុប្បន្នភាពសូចនាករសុខភាពភ្នែក នៃនាយកដ្ឋានផែនការ និងព័ត៌មាននៃក្រសួងសុខាភិបាល។
កម្មវិធីជាតិសុខភាពភ្នែក បានបំពេញតួនាទីជាសេនាធិការរបស់ក្រសួងសុខាភិបាល ក្នុងការដឹកនាំអភិវឌ្ឍន៍និងអនុវត្តផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការគ្រប់គ្រង និងបង្ការភាពពិការភ្នែក នៅប្រទេសកម្ពុជា។ «រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងបានធ្វើការអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រទៅលើការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងជំងឺភ្នែក និងផ្តល់បច្ចេកទេសដល់ថ្នាក់ ក្រោមជាតិ សកម្មភាពដែលបានចែងនៅក្នុងផែនទីបង្ហាញផ្លូវ ស្តីពីការគ្រប់គ្រង និងបង្ការភាព ពិការភ្នែក។ ក្រៅពីនេះ យើងបានធ្វើការយ៉ាងជិតស្និតជាមួយអន្តរក្រសួង រួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ»។ នេះតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ត្រាចារ្យ ងី ម៉េង។
ជាមួយគ្នានោះលោក ប៊ិន ហ្ស៊ីនណឺ ប្រធានការិយាល័យសុខភាពសាធារណៈ និងអប់រំ នៃទីភ្នាក់ងារសហរដ្ឋអាមេរិក (USAID) បានលើកឡើងថា USAID មានមោទនភាពក្នុងការធ្វើជាដៃគូជាមួយ ATscale ដើម្បីគាំទ្រគម្រោង SURES ដំណាក់កាលទី ២ ព្រោះថាវានឹងអាចឱ្យកុមារ និងមនុស្សពេញវ័យរាប់ពាន់នាក់ ដែលមានពិការភ្នែកអាចទទួលបានសេវាសុខភាពភ្នែក និងវ៉ែនតាដែលមានគុណភាពតម្លៃសមរម្យ។
លោកបញ្ជាក់ទៀតថា «យើងប្តេជ្ញាលើកកម្ពស់ការដាក់បញ្ចូល និងសេវាសុខភាពភ្នែកប្រកបដោយសមធម៌ ជាពិសេសសម្រាប់អ្នកដែលត្រូវការវាច្រើនបំផុត។ នេះរាប់បញ្ចូលទាំងស្ត្រី កុមារី ជនពិការ ជនជាតិភាគតិច ប្រជាជនក្រីក្រ និងអ្នកដែលរស់នៅក្នុងតំបន់ដាច់ស្រយាល»។
USAID មានកេរដំណែលដ៏យូរនៃការប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិត និងការអប់រំសុខភាពភ្នែកដើម្បីកែលម្អការថែទាំភ្នែកនៅទូទាំងពិភពលោក ដោយសារកុមារជាងប្រាំពីរលាននាក់នៅទូទាំងពិភពលោក ត្រូវបានផ្តល់ការថែទាំភ្នែកតាមរយៈកម្មវិធី Child Blindness របស់ USAID តាំងពីឆ្នាំ 1991។ លើមាត្រដ្ឋានក្នុងស្រុក កម្មវិធីពិការភ្នែកកុមាររបស់ USAID បានធ្វើឱ្យប្រសើរឡើងនូវការថែទាំភ្នែកកុមារនៅកម្ពុជា។
លោក ប៊ិន ហ្ស៊ីនណឺ បានកោតសរសើរចំពោះការងាររបស់ក្រសួងសុខាភិបាល ក្នុងការសហការជាមួយក្រសួងជាច្រើនទៀត រួមទាំងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងកិច្ចការនារី និងមូលនិធិ Fred Hollows FHF ដើម្បីសាកល្បង និងពង្រីកសេវាជួសជុលកំហុសឆ្គង និងស្តារនីតិសម្បទាសម្រាប់សិស្សានុសិស្ស និងសហគមន៍ទូទាំងប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការ និងជាតំណាងលោកសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថា ដើម្បីពង្រឹងគុណភាព និងពង្រីកវិសាលភាពសេវាសុខភាពភ្នែកបន្ថែមទៀត សូមឱ្យមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវចេះសហការ សាមគ្គីភាពគ្នា អនុវត្តយុទ្ធសាស្រ្តគន្លឹះ ដែលក្រសួងសុខាភិបាល បានដាក់ចេញក្នុងការពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ តាមមណ្ឌលសុខភាព មណ្ឌលថែទាំភ្នែក និងមន្ទីរពេទ្យបង្អែកទូទាំងប្រទេសតាមរយៈការបន្តរៀនសូត្រ បង្កើនសមត្ថភាព និងនវានុវត្តន៍៕