(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូ ចូលគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលបានទទួលមរណភាព នាវេលាម៉ោង០៦នាទីល្ងាច ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ។
ពិធីគោរពវិញ្ញាណក្ខន្ធសព ត្រូវបានធ្វើឡើងនៅគេហដ្ឋាននៃសព ដែលស្ថិតនៅផ្ទះលេខ២៣ ផ្លូវ៣៨៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោក ខូយ រីដា តាងនាមជំនួសមុខឱ្យក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ មានក្តីរន្ធត់ក្ដុកក្ដួលរំជួលចិត្តក្រោយពីបានទទួលដំណឹង ក្រៀមក្រំជាទីបំផុតថានាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិសម្របសម្រួល កិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលជាស្វាមីរបស់លោកស្រី លោកបានទទួលមរណភាព នៅថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៨:០០នាទីល្ងាច នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ច លក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។
មរណភាពរបស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ប្រកបដោយ ព្រហ្មវិហារធម៌ចំពោះកូនៗ ចៅប្រុសចៅស្រី ហើយក៏ជាការបាត់បង់នាយទាហានដ៏អង់អាចក្លាហាន និងជាឥស្សរជនដ៏ឆ្នើម នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងនោះដែរនាយឧត្តមសេនីយ៍ ក៏បាន ចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋានខេត្តជាច្រើន ដូចជាវត្តអារាម សាលារៀន-ផ្លូវ និងភ្លើងបំភ្លឺផ្លូវសាធារណៈជាដើម ដែលជាគុណបំណាច់មិនបំភ្លេចបាន របស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងបានលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិជាកន្លងមក។
ជាទីបញ្ចប់យើងខ្ញុំទាំងអស់គ្នា សូមបួងសួងឱ្យវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទៅកាន់សុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕