(សៀមរាប)៖ ក្រសួងបរិស្ថាន និងវិស័យឯកជន ព្រមទាំងស្ថាប័នពាក់ព័ន្ធ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីរត់ប្រណាំងនៅភ្នំគូលែន ដើម្បីកៀងគររកថវិការជួយដល់ មន្ទីរពេទ្យកុមាអង្គរ នាចុងខែតុលាខាងមុខនេះ ក្រោមប្រធានបទ «យើងរួមកម្លាំគ្នាការពារបរិស្ថានកម្ពុជា»។
ពិធីនេះក្រោមវត្តមានរបស់លោកស្រី ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក យ៉ាន់ ផានិត ប្រធានគម្រោង KULEN MOUNTAIN TREK RUN និងលោក ឈួន អានចំណេះ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ព្រមទាំង លោក លោកស្រី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងសិស្ស និស្សិតចូលរួមផងដែរ។
ក្នុងឱកាសនោះដែរ លោកស្រី ងិន លីណា បានលើកឡើងថា ក្រសួងបរិស្ថានពិតជាមានមោទនភាពចំពោះវិស័យឯកជន ដែលបានគិតគូរពីបញ្ហារត់ប្រណាំងនៅតាមតំបន់ការពារធម្មជាតិនានា ដោយចាប់ផ្តើមដំបូងនូវទីតាំងតំបន់ឧទ្យានុរក្សកេសគោល។
លោកស្រីបន្តថា ការងារនេះក្នុងន័យចូលរួមរត់ប្រណាំង ប៉ុន្តែក៏វាប្រទាក់ក្រឡាគ្នាច្រើន បើតាមការស្រាវជ្រាវយើងទាំងអស់គ្នា ត្រូវតែហាត់ប្រាណ ការលេងកីឡាឲ្យបានទៀងទាត់ ដើម្បីសុខភាពរបស់យើងរឹងមាំ ប្រសិនបើយើងជ្រើសរើសទិតាំងមួយដែលល្អទៀត ជាផ្អែកមួយជួយដល់សុខភាព ជាពិសេស នៅតាមតំបន់ធនធាតុធម្មជាតនេះនឹងជួយដល់សុខភាពផ្លូវចិត្ត និងខួរក្បាលរបស់យើងបានល្អ។
លោកស្រី ងិន លីណា បានបន្តទៀតថា នៅពេលដែលយើងបានចូលរួមរត់ប្រណាំងទាំងអស់គ្នា យើងនឹងបានស្គាល់ពីតំបន់ការពារជាច្រើន ព្រមទាំងបានឃើញពីការងារថែរក្សាបរិស្ថានដ៏ស្រស់ស្អាតរបស់មន្រ្តីឧទ្យានុរក្សរបស់យើង។ លោកស្រីបន្តថា គោលដៅរបស់យើងក៏ចូលរួមជាមួយគ្នា ដើម្បីផ្សព្វផ្សាយ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឬក៏សម្ភារៈប្រើប្រាស់ម្តងហើយបោះចោល។
លោកស្រីបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ យើងបានអនុវត្តជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយក៏ដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដើម្បីអនុវត្ត។ ក្រសួងបរិស្ថានបានរៀបចំជាយុទ្ធនាការជាជំហ៊ានៗ ចាប់តាំងពីចាប់ផ្តើមអាណត្តិថ្មីមក នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ នូវយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក»។
លោក ឈួន អានចំណេះ បានសម្តែងនូវសចក្តីសប្បាយរីករាយដែលបានចូលរួមក្នុងកម្មវិធីនៅថ្ងៃនេះ ដោយសារកម្មវិធី «KULEN MOUNTAIN TREK RUN»នេះ ហើយក៏ជាកម្មវិធីមួយដែលសមស្របជាមួយប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចលើកឡើងជាគោលការណ៍«ទស្សនាសៀមរាប២០២៤»។
លោកបន្តថា កម្មវិធីនេះមិនម៉ែនគ្រាន់រត់ជាកម្មវិធីរត់ប្រណាំងធម្មតាទេ គឺជាកម្មវិធីមួយមានការប្រទាក់ក្រឡាគ្នាជាច្រើនវិស័យដែរ ព្រោះកម្មវិធីនេះមិនប្រើប្រាស់ប្លាស្ទិក។ ចំពោះថវិការមួយចំនួននឹងប្រគល់ជូនទៅមន្ទីរពេទ្យកុមារអង្គរ ដែលវាទាក់ទងទៅនឹងវិស័យសុខាភិបាល ជាពិសេស កម្មវិធីនេះក៏ជាទាក់ទាញវិស័យទេសចរណ៍ផងដែរ។
លោក យ៉ាន់ ផានិត បានលើកឡើងថា នេះកម្មវិធីទី៣ហើយ ដែលយើងធ្វើកម្មវិធីរត៉នៅភ្នំគូលែន ដោយកម្មវិធីលើកទី១នៅក្នុងឆ្នាំ២០១៩, លើកទី២នៅក្នុងឆ្នាំ២០២៣ និងលើកទី៣នេះ គឺនៅថ្ងៃទី២៧ ខែតុលាខាងមុខនេះ។ លោកបន្តថា នៅក្នុងប្រធានបទ «យើងរួមកម្លាំគ្នាការពារបរិស្ថានកម្ពុជា»នេះ ជាសារមួយដែលយើងទទួលបានពីរដ្ឋមន្រ្តីក្រសួងបរិស្ថានផងដែរ។
លោក យ៉ាន់ ផានិត បានបន្តថា គោលបំណងនៃការរៀបចំកម្មវិធីរត់ឡើងភ្នំគូលែននេះ មានចំនួន៤៖
១- សកម្មភាពដែលយើងអាចចូលរួមជាមួយសង្គម
២- លើកកម្ពស់តំបន់ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ
៣- ផ្សព្វផ្សាយអំពីការយល់ដឹងពីបរិស្ថាន
៤- ព្រឹត្តិការណ៍កីឡាអេកូកម្សាន្ត និងអប់រំ។
ជាមួយនេះដែរ លោកបញ្ជាក់ថា មូលហេតុដែលជ្រើរើសយកភ្នំគូលែន ដោយសារ ភ្នំគូលែន គឺជាគោលដៅទេសចរណ៍មួយដែលស្ថិតនៅក្រោមការអភិវឌ្ឍផែនការមេទេសចរណ៍របស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥។ ជាក់ស្តែង នៅលើភ្នំគូលែនបើតាមផែនទីទេសចរណ៍ ដែលបានផលិតដោយក្រសួងបរិស្ថាន គឺមានគោលដៅទេសចរណ៍រជាច្រើនរហូតដល់៨៥ទីតាំង ប៉ន្តែយើងស្គាល់មិនអស់នោះទេ ដោយស្គាល់តែគោលដៅទេសចរណ៍មួយចំនួនតែប៉ុណ្ណោះ៕